ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស បានកើនឡើងនៅក្នុងខែឧសភា បើទោះបីជាសង្គ្រាមអ៊ីរ៉ង់ រុញច្រានតម្លៃប្រភពឥន្ធនៈឱ្យហក់ឡើងខ្ពស់

បរទេស៖ សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសបានកើនឡើង នៅក្នុងខែឧសភា បើទោះបីជាសង្គ្រាមអ៊ីរ៉ង់ បានរុញច្រានតម្លៃប្រភពឥន្ធនៈ ឱ្យហក់ឡើងខ្ពស់ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Telegraph នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។

យោងតាមការិយាល័យស្ថិតិជាតិ (ONS) បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ចក្រភពអង់គ្លេសបានកើនឡើង ០.១ ភាគរយ ក្នុងអំឡុងខែនោះ។ ក្រុមអ្នកវិភាគធ្លាប់បានរំពឹងទុកថា សេដ្ឋកិច្ចនឹងនៅទ្រឹង (គ្មានការរីកចម្រើន)។
នេះបានបង្ហាញពីការងើបឡើងវិញពីការធ្លាក់ចុះ ០.១ ភាគរយ នៅក្នុងខែមេសា ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលប្រាំបីខែចុងក្រោយ។

សេដ្ឋកិច្ចបានកើនឡើង បើទោះបីជាតម្លៃឥន្ធនៈ និងថាមពលនៅតែបន្តមានកម្រិតខ្ពស់ បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ាក៏ដោយ។

លោកស្រី Yael Selfin ប្រធានសេដ្ឋវិទូប្រចាំក្រុមហ៊ុន KPMG បានមានប្រសាសន៍ថា៖ «ការកើនឡើងនៃតម្លៃថាមពលនាពេលថ្មីៗនេះ ដែលជំរុញដោយភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា អាចបង្កជាហានិភ័យដល់ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ច ហើយលក្ខខណ្ឌហិរញ្ញវត្ថុក៏កំពុងមានភាពរឹតត្បិតផងដែរជាលទ្ធផល»។

លោកស្រី Liz McKeown នាយកផ្នែកស្ថិតិសេដ្ឋកិច្ចនៃ ONS បានលើកឡើងថា កំណើន GDP នៅក្នុងខែឧសភា «ត្រូវបានជំរុញដោយវិស័យ សេវាកម្មតែមួយគត់ ខណៈដែលវិស័យផលិតកម្ម និងសំណង់មានការធ្លាក់ចុះថយក្រោយ»។
ប្រែសម្រួលៈ ណៃ តុលា

To Top