ប្រធានាធិបតីម៉ិកស៊ិក បដិសេធការ ចោទប្រកាន់របស់ DEA និងជំរុញឱ្យទីភ្នាក់ងារនេះ ផ្តោតលើការជួញដូរគ្រឿងញៀន របស់សហរដ្ឋអាមេរិកជំនួសវិញ
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធការចោទប្រកាន់ របស់ប្រធានរដ្ឋបាលអនុវត្តច្បាប់គ្រឿងញៀន សហរដ្ឋអាមេរិក (DEA) គឺលោក Terrance Cole ដែលបានស្នើឱ្យមានទំនាក់ទំនង រវាងរដ្ឋាភិបាល ម៉ិកស៊ិក និងក្រុមជួញដូរគ្រឿងញៀន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានហៅការកត់សម្គាល់នេះថា គ្មានមូលដ្ឋាន។
លោកស្រីបានលើកឡើងថា “ខ្ញុំគិតថាវាជាសេចក្តីថ្លែងការណ៍ ដ៏អកុសលមួយសម្រាប់ហេតុផលជាច្រើន។ ទីមួយ ពីព្រោះវាហាក់ដូចជាសេចក្តីថ្លែងការណ៍នយោបាយ ជាងសេចក្តីថ្លែងការណ៍ដែលផ្អែកលើភស្តុតាង។ អ្វីដែលលោកកំពុងនិយាយ គឺគ្មានមូលដ្ឋានពិតប្រាកដនោះទេ”។
ប្រធានាធិបតីម៉ិកស៊ិករូបនេះ បានជំរុញឱ្យ DEA ផ្តោតលើបញ្ហានៅក្នុងសហរដ្ឋអាមេរិក ដែលកំពុងប្រឈមមុខនឹងវិបត្តិដ៏ធំមួយលើការប្រើប្រាស់ថ្នាំ fentanyl និងគ្រឿងញៀនដទៃទៀត។ លោកស្រីបានបន្ដថា “តាមទស្សនៈរបស់ខ្ញុំ DEA មានការងារជាច្រើន ដែលត្រូវធ្វើនៅសហរដ្ឋអាមេរិក”។
ភាពចម្រូងចម្រាសនេះបានធ្វើឡើងបន្ទាប់ពីការកត់សម្គាល់របស់លោក Cole នៅឯកិច្ចប្រជុំកំពូល Fentanyl Free America ឆ្នាំ ២០២៦ ជាកន្លែង ដែលលោកបានលើកឡើងថា DEA នឹងប្រើប្រាស់ធនធានទាំងអស់ របស់ខ្លួនប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន រួមទាំង “ទំនាក់ទំនងដ៏សាហាវរវាងបណ្តាញក្រុមជួញដូរគ្រឿងញៀន និងរដ្ឋាភិបាលម៉ិកស៊ិក”។
លោកស្រី Sheinbaum បានលើកឡើងថា ជំនួសឱ្យការនិយាយអំពីទំនាក់ទំនង ដែលត្រូវបានចោទប្រកាន់ ជាមួយអាជ្ញាធរម៉ិកស៊ិក DEA គួរតែស៊ើបអង្កេតថា អ្នកណាចែកចាយ លក់ និងផ្តល់ហិរញ្ញប្បទាន ដល់ការជួញដូរគ្រឿងញៀន និងរបៀបដែលពួកគេធ្វើដូច្នេះនៅក្នុងសហរដ្ឋអាមេរិក៕









