Feature

ក្រសួងបរិស្ថាន លើកកម្ពស់ភាពស្អាត និងភាពបៃតង នៅតាមសហគមន៍មូលដ្ឋាន

ភ្នំពេញ ៖ ពិធីដាំកូនឈើចំនួន៥០០ដើម នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ បានរៀបចំឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត រដ្ឋបាលខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើននាក់។

លោក អ៊ុយ សុធាវី អភិបាលរងខេត្តពោធិ៍សាត់ បានឱ្យដឹងថា កម្មវិធីនាថ្ងៃនេះ ពិតជាមានសារៈប្រយោជន៍ ជំរុញឱ្យមានការចូលរួមដើម្បីភាពស្អាត និងភាពបៃតង នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជំរុញសកម្មភាពដាំដើមឈើ ដើម្បីពង្រីកគម្របព្រៃឈើ ហើយក្នុងនោះដែរខេត្តពោធិ៍សាត់បាន កំពុងគាំទ្រជំរុញភាពស្អាត ភាពបៃតងដល់គ្រប់មូលដ្ឋាន។

លោកស្រី DEMI MORJARIA ប្រធានផ្នែកទំនាក់ទំនង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើឡើងអំពីការសហការជាមួយក្រសួងបរិស្ថាន ដើម្បីរៀបចំឱ្យមានកម្មវិធី ជំរុញ”សកម្មភាពលើកកម្ពស់ការយល់ដឹង ដើម្បីលើកកម្ពស់ការអនុវត្តភាពស្អាត ភាពបៃតង នៅតាមសហគមន៍មូលដ្ឋាន។ សកម្មភាពដាំដើមឈើនៅតំបន់សហគមន៍ការពារធម្មជាតិភូមិទំព័រ នឹងជំរុញឱ្យ មានការទទួលខុសត្រូវផ្នែកបរិស្ថានកាន់តែច្រើន ក្នុងចំណោមសិស្សានុសិស្ស យុវជន សហគមន៍មូលដ្ឋាន និងអ្នកចូលរួមទាំងអស់។

ក្នុងឱកាសនោះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្ននាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការចូលរួមសហការនិងគាំទ្រ របស់អ្នកពាក់ព័ន្ធទាំងអស់ នៅថ្ងៃនេះ បង្ហាញការយល់ច្បាស់ និងទទួលស្គាល់ពីសារៈសំខាន់នៃភាពស្អាត ភាពបៃតងទាំងនៅតាមផ្លូវទីសាធារណៈ នៅតាមលំនៅឋាន សហគមន៍ និងតំបន់ការពារធម្មជាតិ។ ការចូលរួមគាំទ្រការដាំដើមឈើ នៅថ្ងៃនេះ បង្ហាញការចូលរួមទាំងកម្លាំងកាយ កម្លំាង ចិត្ត របស់គ្រួសារបរិស្ថាន និងសារធារណជនទាំងអស់ មិនត្រឹមតែស្របទៅនឹង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន របស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូដ៏ជោគជ័យមួយនៃការអភិវឌ្ឍសហគមន៍នៅកម្ពុជា​​។

លោក បានបន្ថែមថា ការដាំដើមឈើ និងការស្តារព្រៃឈើឡើងវិញ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្រូបយកឧស្ម័នផ្ទះកញ្ចក់ បង្កើតខែលការពារធម្មជាតិ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ លើសពីនេះ គម្រោងនេះមិនត្រឹមតែជួយដល់ប្រព័ន្ធអេកូឡូស៊ីនោះទេ ប៉ុន្តែថែមទាំងជួយបង្កើតតំបន់លំហែបៃតង និងទាក់ទាញទេសចរណ៍ ដើម្បីបង្កើនប្រាក់ចំណូលផ្ទាល់ ដល់ប្រជាសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីភាពស្អាត និងភាពបៃតងនៅតាមសហគមន៍មញលដ្ឋាន បានរៀបចំឡើងនៅខេត្តពោធិ៍សាត់ ដោយក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្ត និងសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ និងមានការគាំទ្រដោយរដ្ឋបានខេត្តពោធិ៍សាត់ កម្មវិធីរេដបូកភ្នំសំកុស អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអង្គភាពគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» (CSLEP)៕

To Top