COMAC និងរដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ចុះ MOU លើកិច្ចសហការវិស័យអាកាសចរណ៍
ភ្នំពេញ ៖ ក្រុមហ៊ុន សាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន (COMAC)បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា ។

ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម លោក Shen Bo ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក នៃក្រុមហ៊ុន COMAC បានលើកឡើងពីសកម្មភាព ប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន និង កិច្ចសហការជាមួយក្រុមហ៊ុនដៃគូនានានៅកម្ពុជា ដោយបានបញ្ជាក់ថា COMAC គឺជាសហគ្រាស ដែលផ្តោតលើការ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍យន្តហោះពាណិជ្ជកម្ម ដែលមានម៉ូដែលសំខាន់ៗ ចំនួន២ប្រភេទគឺ C919 និង C909។

ប្រធានក្រុមប្រឹក្សាភិបាលបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា មិនត្រឹមតែផ្តោតលើការលក់យន្តហោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ មកជាមួយនូវសេវាកម្មថែទាំ និងការបណ្តុះបណ្តាលធនធានមនុស្សដល់បុគ្គលិក ក៏ដូចជាមន្ត្រី បម្រើការងារក្នុងវិស័យអាកាសចរណ៍ ស៊ីវិលកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃអាជីវកម្ម និងចូលរួមចំណែក ដល់ការធ្វើទំនើបកម្មក្នុងវិស័យនេះ។ ក្នុងន័យនេះ, នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន COMAC បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិលជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលកម្ពុជា ដែលកិច្ចសហប្រតិបត្តិការនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពវិស័យ អាកាសចរណ៍ស៊ីវិលរបស់កម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា, ការបណ្តុះបណ្តាល ធនធានមនុស្ស, ការអភិវឌ្ឍថែទាំអាកាស យានដ្ឋាន និងការគាំទ្របច្ចេកទេស ជាពិសេសជួយពង្រឹងសមត្ថភាព របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា ក្នុងពង្រីកប្រតិបត្តិការ បង្កើនការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់ការប្រកួត ប្រជែងរបស់កម្ពុជាក្នុងតំបន់។
ជាការឆ្លើយតប, សម្តេចធិបតីស្វាគមន៍ចំពោះប្រតិបត្តិការអាជីវកម្មដ៏ជោគជ័យរបស់ក្រុមហ៊ុន COMAC នៅកម្ពុជា ជាពិសេសការចាប់ដៃគូ ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)។ សម្តេចធិបតីគាំទ្រ ចំពោះគំនិតផ្តួចផ្តើម និងផែនការយុទ្ធសាស្រ្តនានាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន Air Cambodia ក្នុងគោលបំណងបណ្តុះបណ្តាល សមត្ថភាពធនធានមនុស្ស ដែលនឹងរួមចំណែក ធ្វើឱ្យវិស័យអាកាស ចរណ៍ស៊ីវិលនៅកម្ពុជាកាន់តែទំនើប និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងក្នុងកម្រិតតំបន់ និងសកលលោក។

ជាមួយគ្នានេះ, សម្ដេចធិបតីគូសបញ្ជាក់អំពីការគាំទ្រ និងការត្រៀមលក្ខណៈរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្របសម្រួលកិច្ចការងារនានារវាងក្រុមហ៊ុន COMAC និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា៕









