រដ្ឋមន្ត្រី ហេង សួរ លើកទឹកចិត្តឱ្យយុវជនជ្រើសរើសជំនាញ TVET ដើម្បីមានជំនាញឆ្លើយតបតម្រូវការទីផ្សារ និងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិ
កំពត៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនសិស្ស-និស្សិតជ័យលាភី វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ចំនួន ៥១៤ អង្គ/នាក់ (ស្រី ៣០០នាក់) ក្នុងចំណោមសិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យសរុប ២ ២០៨នាក់ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ដែលក្នុងនោះរួម មានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១, ២, ៣, សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស។

ថ្លែងក្នុងពិធីដែលមានអ្នកចូលរួមជាង ១ ៨០០នាក់ លោករដ្ឋមន្ត្រី ហេង សួរ បានអបអរសាទរចំពោះសិស្ស-និស្សិតដែលទទួលជ័យលាភី ដែលជោគជ័យនេះកើតចេញពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាប់យកការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (ធីវេត “TVET”) ធ្វើជា ស្ពានចម្លង សម្រាប់កសាងអនាគតដ៏ត្រឹមត្រូវ។ លោកបានលើកយកប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីមកបញ្ជាក់ថា TVET មិនមែនជាការសិក្សាកម្រិតទី២ ឬមានតម្លៃទាបជាងការអប់រំទូទៅនោះទេ។ ជំនាញ TVET មានគុណតម្លៃស្មើនឹងជំនាញផ្សេងៗ និងឆ្លើយតបតម្រូវការទីផ្សារការងារ ព្រមទាំងជួយកសាងអនាគតរបស់បុគ្គល គ្រួសារ និងសង្គមជាតិ។
លោកមានប្រសាសន៍ថា ការចាប់យកការ សិក្សាជំនាញ TVET ជាការវិនិយោគលើមូលធនមនុស្សដ៏មានតម្លៃ និងជាកម្លាំងស្នូល សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង សិស្ស-និស្សិតដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានមានអត្រាទទួលបានការងារធ្វើប្រមាណ ៩០% ដែលបង្ហាញពីគុណភាពនៃការបណ្តុះបណ្តាល និង ការឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ លោករដ្ឋមន្រ្តីបានជំរុញឱ្យសិស្ស-និស្សិត បន្តរៀនសូត្រពេញមួយជីវិត ជាពិសេសពង្រឹងជំនាញទន់ បង្កើនជំនាញនិងផ្លាស់ប្តូរជំនាញ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងឱកាសរីកចម្រើន ក្នុងអាជីពការងារ។ ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្ត ឱ្យអាណាព្យាបាលបន្តគាំទ្រ កូនចៅឱ្យជ្រើសរើសការសិក្សាជំនាញ TVET សម្រាប់កសាងអនាគត និងលើកកម្ពស់ជីវភាពគ្រួសារ។

លោករដ្ឋមន្ត្រីបានណែនាំ ដល់ថ្នាក់ដឹកនាំវិទ្យាស្ថាន និងលោកគ្រូ អ្នកគ្រូ បន្តពង្រឹងគុណភាពបណ្តុះបណ្តាល ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ឱ្យស្របតាមតម្រូវការទីផ្សារការងារ ដើម្បីសម្រេចគោលដៅ «ពលរដ្ឋម្នាក់មាន ជំនាញមួយយ៉ាងតិចប្រចាំជីវិត» និង «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ខណៈខេត្តកំពតកំពុងមានសក្តានុពលទាក់ទាញការវិនិយោគ និងត្រូវការកម្លាំងពលកម្មជំនាញកាន់តែច្រើន។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណ ចំពោះរដ្ឋបាលខេត្តកំពត អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការផ្សព្វផ្សាយ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ ព្រមទាំងការតភ្ជាប់អ្នកសិក្សាទៅកាន់ឱកាសការងារជាក់ស្តែង ស្របតាមទិសដៅអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ លោក ហេង សួរ បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃ TVET និងជំរុញការអនុវត្តកម្មវិធី TVET ១,៥លានឱ្យកាន់តែទូលំទូលាយ និងប្រសិទ្ធភាព ដើម្បីកសាងមូលធនមនុស្សប្រកបដោយគុណភាព គាំទ្រការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

ក្នុងឱកាសនេះដែរ លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានផ្ដាំផ្ញើដល់សិស្ស-និស្សិតជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹង ជំនាញ និងសញ្ញាបត្រដែលទទួលបាន ទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពក្នុងការប្រកបការងារ ដោយបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍខ្លួនឯង គ្រួសារ អង្គភាព និងសង្គមជាតិ។

លោក ជ្រុន គឹមឡេង នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពតបានបង្ហាញពីរបាយការណ៍វឌ្ឍនភាពនៃវិទ្យាស្ថាន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល គ្រប់គ្រង និងផ្តល់សេវា TVET ទៅតាមតម្រូវការទីផ្សារការងារ។ វិទ្យាស្ថានបានប្តេជ្ញាខិតខំបង្កើនការចុះឈ្មោះចូលរៀនរបស់សិស្សនិស្សិតឱ្យបានគ្រប់កម្រិតសិក្សា ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលឱ្យស្របនឹងតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃបច្ចេកវិទ្យា៕































