ព័ត៌មានអន្តរជាតិ

​ មេដឹកនាំកំពូលអ៊ីរ៉ង់ ៖​ ការរំលោភលេី​ MOU ស្តីពីសន្តិភាពបង្ហាញថា ហត្ថលេខារបស់លោក ត្រាំ​ គ្មានតម្លៃ

តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានឧ្យដឹងថា ការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីសន្តិភាព (MoU) ដែលទើបចុះហត្ថលេខាថ្មីៗនេះជាមួយអ៊ីរ៉ង់ បានបង្ហាញជាថ្មីម្តងទៀតថា ហត្ថលេខារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ គឺគ្មានតម្លៃ និងគ្មានសុពលភាព។

លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសារមួយទៅកាន់ប្រជាជនអ៊ីរ៉ង់​ ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដែលក្នុងនោះលោកបានលើកយកបញ្ហាសំខាន់ៗ របស់ប្រទេសមកពិភាក្សា។

លោក Khamenei បានលេីកឡេីងថា ការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នាជាញឹកញាប់របស់សហរដ្ឋអាមេរិក ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងលោក ដូណាល់​ ត្រាំ​ កាលពីថ្ងៃទី១៨ ខែមិថុនា “បានបង្ហាញជាថ្មីម្តងទៀតដល់មនុស្សគ្រប់គ្នាអំពីការពិតដែលថា ហត្ថលេខារបស់ប្រធានាធិបតីអាមេរិក​ គឺគ្មានតម្លៃ និងគ្មានសុពលភាព”។

លោក​បាន​បន្ដ​ថា សហរដ្ឋអាមេរិក «បាន​បង្ហាញ​មុខមាត់​ពិត​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​ហើយ» ដោយ​កត់​សម្គាល់​ថា «បទពិសោធន៍​ដ៏​ខ្មៅ​ងងឹត​នៃ​ឧក្រិដ្ឋកម្ម និង​ការ​រំលោភ​លើ​ការ​សន្យា​នេះ គឺជា​ភស្តុតាង​រឹងមាំ​មួយ​ទៀត​នៃ​ការ​កុហក​របស់​សហរដ្ឋអាមេរិក និង​ធម្មជាតិ​មិន​សម​ហេតុផល មិន​គួរ​ឲ្យ​ទុកចិត្ត និង​អាក្រក់​របស់​ខ្លួន»។

លោក Khamenei បាន​ព្រមាន​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​ ​បន្ត​អ្វី​ដែល​លោក​ពិពណ៌នា​ថា​ ជា​ការ​ញុះញង់​ឲ្យ​មាន​សង្គ្រាម ហើយ​ស្វែងរក​ការ​ដាក់​ការ​ចំណាយ​កាន់តែ​ច្រើន អាមេរិកគួរ​តែ​រំពឹង​ថា​ នឹង​មាន «មេរៀន​ដែល​មិន​អាច​បំភ្លេច​បាន» ពី​អ៊ីរ៉ង់ និង​រណសិរ្ស​តស៊ូ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top