លោក ឈា ប៊ុនរិទ្ធ ដឹកនាំជួសជុលផ្លូវក្រួសក្រហមជិត ៥គីឡូម៉ែត្រ នៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ដើម្បីធ្វើដំណើរបានងាយស្រួលនិងសុវត្ថិភាពឡើងវិញ!
កំពង់ធំ÷ ដើម្បីឆ្លើយតបទៅនឹងផ្លូវលំនៅក្នុងមូលដ្ឋាន ដែលកំពុងរងការខូចខាត និងពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សា ដែលជោគជាំដោយភ្លៀង រលឹម លោក ឈា ប៊ុនរិទ្ធ ដឹកនាំជួសជុលផ្លូវក្រួសក្រហម ជិត៥គីឡូម៉ែត្រនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីធ្វើដំណើរបានងាយស្រួល និងសុវត្ថិភាពឡើងវិញ ។

ការដឹកនាំសហការ កៀរគរ សម្ភារ ថវិកា សម្រាប់ជួសជុលផ្លូវ និងក្នុងឱកាសនេះបង្ហាញ ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់លោក ប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រងក្រងនិង ដើម្បីលើកកម្ពស់សុខុមាលភាពរដ្ឋ ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ជាពិសេសបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងសិស្សានុសិស្សទៅសាលារៀនបានងាយស្រួល និងឆាប់រហ័សជាងមុន។

សូមបញ្ជាក់ថា ការជួសជុលផ្លូវនេះ ចាប់ពីភូមិប្រគាប រហូតដល់ចំណុចផ្លូវបត់ត្រង់ កំពុងប្រដំ ដែលមានប្រវែងសរុប៤,៨៨៥ ម៉ែត្រ និងចំណាយអស់ថវិកា សរុបចំនួន ១០,១៦០,០០០រៀល (ដប់លាន មួយរយហុកសិបពាន់រៀលគត់) ដែលក្នុងនោះថវិកា លោក ឈា ប៊ុនរិទ្ធ ប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំម្សាក្រង និង សហការីឧបត្ថម្ភក្រួសក្រហមចំនួន១០ឡាន (គិតជាទឹកប្រាក់៤,០០០,០០០ រៀល)សប្បុរសជន និងសហគមន៍ភូមិប្រគាប ចូលរួមចំណែកក្រួសក្រហមចំនួន៧ឡាន (គិតជាទឹកប្រាក់ ២,៨០០,០០០ រៀល) និងការចាក់ដីសចំនួន២០ឡាន (គិតជាទឹកប្រាក់ ៩០០,០០០រៀល រដ្ឋបាលឃុំម្សាក្រង ចំនួន៤០០,០០០រៀល ការចំណាយលើគ្រឿងចក្រ អស់ថវិកាចំនួន២,៤៦០,០០០ រៀល ជាជំនួយរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ៕








ដោយ៖ សំនៀង









