Feature

ស៊ូដង់ ច្រានចោលទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកថា ជាទណ្ឌកម្មឯកតោភាគី និងខុសច្បាប់

ខាទុំ៖ ស៊ូដង់ បានបដិសេធទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ដែលដាក់លើប្រទេសនេះ ដោយពណ៌នាអំពីវិធានការទាំងនោះថា «ឯកតោភាគី និងខុសច្បាប់ និងផ្អែកលើការចោទប្រកាន់មិនពិត»។ សហរដ្ឋអាមេរិក នៅថ្ងៃសុក្របានប្រកាសពីការអនុវត្តទណ្ឌកម្មជុំទីពីរ បន្ទាប់ពីកំណត់ថាកងទ័ពស៊ូដង់ បានប្រើប្រាស់អាវុធគីមី ហើយស៊ូដង់មិនបានបំពេញលក្ខខណ្ឌ ដែលតម្រូវឱ្យដកវិធានការទាំងនោះចេញ។

នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស៊ូដង់បានឲ្យដឹងថា រដ្ឋាភិបាលធ្លាប់បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយបានសង្កត់ធ្ងន់ថា ខ្លួនមិនផលិត មាន ឬប្រើប្រាស់អាវុធគីមីនោះឡើយ។

ស៊ូដង់ បានចោទប្រកាន់សហរដ្ឋអាមេរិកថា មិនត្រឹមតែមិនផ្តល់ភស្តុតាងគួរឱ្យទុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអើពើនឹងយន្តការបច្ចេកទេស និងនីតិវិធីដែលមានចែងក្នុងអនុសញ្ញាអាវុធគីមី មុនពេលដាក់ទណ្ឌកម្មលើស៊ូដង់។

ក្រសួងនេះបានឲ្យដឹងថា នេះបង្ហាញថាទណ្ឌកម្ម «ត្រូវបានជំរុញដោយហេតុផលនយោបាយសុទ្ធសាធ ហើយមិនឆ្លុះបញ្ចាំងពីការព្រួយបារម្ភពិតប្រាកដអំពីការទប់ស្កាត់ការប្រើប្រាស់អាវុធគីមីនោះទេ»។

ទណ្ឌកម្មទាំងនេះ ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ២០ ខែកក្កដា រួមមានការជំទាស់របស់សហរដ្ឋអាមេរិកចំពោះប្រាក់កម្ចី ជំនួយហិរញ្ញវត្ថុ និងការគាំទ្របច្ចេកទេសសម្រាប់ប្រទេសស៊ូដង់តាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ លើកលែងតែជំនួយមនុស្សធម៌៕

ប្រែសម្រួល ឈូក បូរ៉ា

To Top