លោក ឆាយ ឫទ្ធិសែន ចុះពិនិត្យវឌ្ឍនភាពការងារ ស្ថាបនាផ្លូវ ចំនួន ៦ខ្សែ និងស្ពានបេតុង ១កន្លែង នៅក្នុងខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៦ខ្សែ និងស្ពានបេតុង ១កន្លែង ស្ថិតនៅក្នុងខេត្តកំពង់ធំ។
ផ្លូវទាំងនោះ មានដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវ អូរសួស្តី-តាប្រុក ជាការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែង ១៣,៨៥គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិអូរសួស្តី ឃុំបារាយណ៍ ទៅដល់ភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ០៤១គ្រួសារ ស្មើនឹង ៨ ៧៤៥នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៦ ៣៧២គ្រួសារ ស្មើនឹង ២៩ ៥៦៥នាក់។ ផ្លូវនេះត្រូវបានសាងសង់នៅខែសីហា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពបាន ៥២,៤៧%។
ខ្សែទី២៖ ឈ្មោះផ្លូវ ទួលសាលា-យាយទៀង ជាការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ៥,០៧គ.ម ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិទួលសាលា ឃុំចុងដូង ទៅដល់ភូមិយាយទៀង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៣២៤គ្រួសារ ស្មើនឹង ៥ ៣៩៥នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៧ ៩០៣គ្រួសារ ស្មើនឹង ៣៤ ៤២៩នាក់។ ផ្លូវនេះត្រូវបានសាងសង់នៅខែសីហា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពបាន ៤១,៦៦%។

ខ្សែទី៣៖ ឈ្មោះផ្លូវ ភូមិប្រាសាទ-ស្រែតាកៅ ជាការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ១០,៥២គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិប្រាសាទ ទៅដល់ភូមិសង្គ្រោះ ឃុំប្រាសាទ ស្រុកសន្ទុក ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៤៣៥គ្រួសារ ស្មើនឹង ៧ ០៦២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២ ៧៧១គ្រួសារ ស្មើនឹង ១៣ ២៣៩នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពបាន ៥២%។
ខ្សែផ្លូវចំនួន ៣ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។

ខ្សែទី៤៖ ឈ្មោះផ្លូវ ទួលដំណាក់-គូរ ជាការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥,៤៥៧គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិទួលដំណាក់ ទៅកាន់ភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ដែលមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ២០៩គ្រួសារ ស្មើនឹង ៤ ៩៤៨នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៩២៦គ្រួសារ ស្មើនឹង ៩ ០៥២នាក់។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៨៤,២១%។
ខ្សែទី៥៖ ឈ្មោះផ្លូវ បន្ទាយយោមរាជ-ត្នោតជុំ ជាការដ្ឋានស្ថាបនាផ្លូវក្រាលបេតុង មានប្រវែង ៣,៧១៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងស្ពានបេតុង ប្រវែង ៧៣ម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិបន្ទាយយោមរាជ ទៅកាន់ភូមិត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក ដែលមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៤៥៧គ្រួសារ ស្មើនឹង ១ ៨៧២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ២៣៨គ្រួសារ ស្មើនឹង ៥ ៣៦៧នាក់។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៨៣,៩៩%។

ខ្សែទី៦៖ ឈ្មោះផ្លូវ ចំបក់ជ្រុំ-ផ្លុង ជាការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,៤៣គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិចំបក់ជ្រុំ ឃុំប្រាសាទ ទៅកាន់ភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ដែលមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៩១៣គ្រួសារ ស្មើនឹង ៣ ៧២០នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៦៦៣គ្រួសារ ស្មើនឹង ៣ ៧២៧នាក់។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៥៩,៦២%។
ខ្សែផ្លូវចំនួន ៣ខ្សែចុងក្រោយនេះ ចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦នេះ ស្ថិតនៅក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីមូលនិធិសហភាពអឺរ៉ុប (EU/AIF) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)។

សូមជម្រាបជូនផងដែរថា ការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់នាឱកាសនេះ គឺដើម្បីពិនិត្យជាក់ស្តែងអំពីគុណភាពនៃការសាងសង់ឱ្យស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបានកំណត់។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំចំពោះក្រុមហ៊ុនទទួលការ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការសាងសង់ ដើម្បីសម្រេចបានទាន់ពេលវេលាស្របតាមកិច្ចសន្យា ក្នុងគោលដៅបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបានឆាប់រហ័ស ៕













