រដ្ឋមន្ដ្រីអប់រំ ជំរុញឱ្យបន្តពង្រឹង សមត្ថភាពភាសាបរទេស និងប្រើប្រាស់ AI ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យបន្តពង្រឹងសមត្ថភាពភាសាបរទេស និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។
ការជំរុញរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ (CPD) ជូនគ្រូឧទ្ទេស និងគ្រូបង្រៀន ICT» ក្រោមគម្រោងកសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិនៅកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, លោកស្រី Sejin Lee នាយិការងប្រតិបត្តិទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា, លោកបណ្ឌិត Ki-Sang SONG ប្រធានគម្រោង ICT-CPD ព្រមទាំងគ្រូឧទ្ទេស និងគ្រូបង្រៀនពាក់ព័ន្ធជាច្រើនរូប ។
សិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយទីភ្នាក់ងារ KOICA ដើម្បីគាំទ្រដល់ការកែទម្រង់ការអប់រំគ្រូបង្រៀនឯកទេស ICT នៅកម្ពុជា។ ប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំនេះ ផ្ដល់ឱកាសឱ្យគ្រូបង្រៀន នាយកសាលា និងបុគ្គលិកអប់រំចូលរួមសកម្មភាព អភិវឌ្ឍសមត្ថភាពដោយផ្អែកលើតម្រូវការជាក់ស្ដែង និងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។
ក្នុងឱកាសនេះ លោក ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃគម្រោងរយៈពេល ៥ឆ្នាំកន្លងមក លើការបណ្ដុះបណ្ដាលជំនាញ ICT ដល់គ្រូបង្រៀន។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុច ដើម្បីពង្រឹងគុណភាពការបណ្ដុះបណ្ដាល រួមមាន៖ ១) ការពង្រឹងគុណភាពអប់រំឈានទៅរកស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន, ២) ការអនុវត្តផែនការបណ្ដុះបណ្ដាលវិជ្ជាជីវៈជាប្រចាំឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្ដែង, ៣) ការពង្រឹងគន្លងអាជីពតាមរយៈការបណ្ដុះបណ្ដាលឯកទេស និងការគ្រប់គ្រង, និង ៤) ការរៀបចំយន្តការវាយតម្លៃលទ្ធផលការងារជាក់ស្ដែង និងលទ្ធផលសិក្សារបស់សិស្ស។
លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េតាមរយៈទីភ្នាក់ងារ KOICA ដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
លោក ឧបនាយករដ្ឋមន្ត្រី បានជំរុញដល់សិក្ខាកាមទាំងអស់ បន្តពង្រឹងសមត្ថភាពភាសាបរទេស និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យអស់លទ្ធភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ព្រមទាំងធានាបាននូវការបង្រៀនដែលផ្សារភ្ជាប់បច្ចេកវិទ្យាឌីជីថលទៅនឹងវិធីសាស្ត្របង្រៀនថ្មីៗ ដើម្បីផ្ដល់ជំនាញសតវត្សទី២១ ដល់សិស្សានុសិស្ស៕









