សម្តេចធិបតី ៖ ជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត ក្រោយសង្គ្រាម ពលរដ្ឋមានបណ្ណកម្មសិទ្ធិដីធ្លី ជារបស់ខ្លួន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់ របស់សម្តេច នឹងខិតខំប្រឹងប្រែងរៀបចំបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដែលនេះគឺជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត ក្រោយសង្គ្រាម ដែលពលរដ្ឋមានបណ្ណកម្មសិទ្ធិដីធ្លី ជាអចលនទ្រព្យផ្ទាល់ខ្លួន។
ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ South-East Asia នៅសណ្ឋាគារសុខា ខេត្តសៀមរាប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍អំពីការប្តេជ្ញាចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ខណៈនៅថ្ងៃទី២៩ កក្កដា ខាងមុខ សម្តេចនឹងអញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល ដើម្បីបានប្រើប្រាស់ជាផ្លួវគ្រប់ៗគ្នា ។ ដូច្នេះគ្រប់មន្រ្តីពាក់ព័ន្ធនឹងរួមគ្នាប្រឹងប្រែងរៀបចំបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
សម្តេចធិបតីមានប្រសាសន៍ថា “បណ្ណដីយើងនឹងខិតខំក្នុងអាណត្តិនេះ ឱ្យទូទាំងប្រទេសបានបណ្ណដីទៅប្រជាពលរដ្ឋ ។ ខ្ញុំគិតថា នេះជាលើកទី១ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលគ្រប់គ្នាមានបណ្ណឯកជនជាបណ្ណអចលនទ្រព្យរបស់ខ្លួន” ។
សម្តេចធិបតីក៏បានរំលឹកថា មុនសង្គ្រាមប្រជាពលរដ្ឋបានបង្កបង្កើនផលលើដីស្រែ ប៉ុន្តែកម្មសិទ្ធិជារបស់រដ្ឋ ។ ក្រោយមកទៀតក៏បានចែកដីធ្លី ឱ្យប្រជាពលរដ្ឋបានខ្លះៗផងដែរនៅទីក្រុង និងទីប្រជុំជន ប៉ុន្តែតំបន់ជនបទដាច់ស្រយ៉ាលមិន ដែលបានចែកឱ្យពលរដ្ឋអាស្រ័យផលទេ ។
សម្តេចធិបតីក៏បានរំលឹកឡើងវិញទៀតថា ក្រោយពីរបបសម័យប៉ុលពតក៏បានរៀបចំឡើងវិញដោយសារផល និងទ្រព្យរបស់ប្រជាពលរដ្ឋដែលជាកម្មសិទ្ធិឯកជននេះ មានសារៈសំខាន់ក្នុងការជួយលើកកម្ពស់ និងភាពបត់បែននៃការប្រើប្រាស់។
សូមបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានវាស់វែង និងចេញបណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ) ជូនប្រជាពលរដ្ឋ បានជិត ៩លានបណ្ណ ដោយក្នុងនោះរួមបញ្ចូលទាំង ប័ណ្ណកម្មសិទ្ធិដីឯកជន ដីសហគមន៍ជនជាតិដើមភាគតិច និងដីឡូត៍ផ្សេងៗ នៅទូទាំងប្រទេសផងដែរ៕









