ព័ត៌មានអន្តរជាតិ

ចំនួនអ្នកដំណើរ តាមផ្លូវអាកាសអន្តរជាតិ របស់វៀតណាម មានចំនួនដល់ ២៦,២ លាននាក់ កើនឡើង ១៥,៤% ក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៦

បរទេស៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសវៀតណាម (CAAV) បានឱ្យដឹងថា ចំនួនអ្នកដំណើរអន្តរជាតិឆ្លងកាត់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ មានចំនួនដល់ ២៦,២ លាននាក់ ដែលកើនឡើង ១៥,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកដំណើរចំនួន ៩,៦ លាននាក់ ពោលគឺកើនឡើង ០.២ ភាគរយបើធៀបនឹងឆ្នាំមុន និងស្មើនឹង ៣៦,៦ ភាគរយនៃចំនួនអ្នកដំណើរអន្តរជាតិសរុប។ ចំណែកឯចំនួនអ្នកដំណើរក្នុងស្រុកឆ្លងកាត់ មានចំនួនដល់ ១៨,៧ លាននាក់ គឺកើនឡើង ០,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

បរិមាណទំនិញតាមផ្លូវអាកាសអន្តរជាតិឆ្លងកាត់មានសរុបចំនួន ៧០៦.៧០០ តោន កើនឡើង ២១,៣ ភាគរយ បើធៀបនឹងឆ្នាំមុន ។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដឹកជញ្ជូនបានចំនួន ១១៩.០០០ តោន ដែលជាការកើនឡើង ៨,៦ ភាគរយ និងស្មើនឹង ១៦,៨ ភាគរយនៃទំនិញអន្តរជាតិសរុប។

ចំពោះជើងហោះហើរអន្តរជាតិ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកំពុងប្រតិបត្តិការលើផ្លូវហោះហើរអន្តរជាតិចំនួន ១០៩ ខ្សែ ទៅកាន់ប្រទេស និងដែនដីចំនួន ២២ នៅទូទាំងពិភពលោក។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍បរទេសមកពីប្រទេស និងដែនដីចំនួន ៤១ កំពុងប្រតិបត្តិការលើផ្លូវហោះហើរទៀងទាត់ចំនួន ២៣៥ ខ្សែ មកកាន់ប្រទេសវៀតណាម។
ប្រែសម្រួលៈ ណៃ តុលា

To Top