កម្ពុជា នឹងមានបំណង រៀបចំកិច្ចប្រជុំ គណៈកម្មាធិការអន្តររដ្ឋាភិបាល បេតិកភណ្ឌអរូបី
ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា កម្ពុជា នឹងមានបំណងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល បេតិកភណ្ឌអរូបីនៅឆ្នាំណាមួយ ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Nayef Al-Fayez អគ្គនាយករង អង្គការយូណេស្កូ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី ភឿង សកុណា បានប្រាប់ទៅឯកឧត្តម អគ្គនាយករង អំពីបំណងរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខាងមុខនេះ។

ជាកិច្ចឆ្លើយតបអគ្គនាយករង បានសន្យានឹងគាំទ្រសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ហើយក៏បានបញ្ជាក់អំពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរបស់ឯកឧត្តម ផ្ទាល់ក្នុងការតាមដានយកចិត្តទុកដាក់ ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសម្របសម្រួល ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌ ៕











