ព័ត៌មានអន្តរជាតិ

ប្រទេសវៀតណាម នឹងពិន័យលើវិនិយោគិន ក្នុងស្រុក ១.៩០០ ដុល្លារអាមេរិក ចំពោះការជួញដូរគ្រីបតូ តាមរយៈបណ្តាញវេទិកាដែលគ្មានអាជ្ញាប័ណ្ណ

បរទេស៖ ប្រទេសវៀតណាមនឹងពិន័យជាប្រាក់លើវិនិយោគិន ក្នុងស្រុករហូតដល់ ៥០ លានដុង ស្មើនឹងប្រមាណ ១.៩០០ ដុល្លារអាមេរិក ចំពោះការជួញដូរទ្រព្យសកម្មគ្រីបតូ តាមរយៈបណ្តាញវេទិកា ដែលគ្មានអាជ្ញាប័ណ្ណ ក្រោមអនុក្រឹត្យថ្មីមួយ ដែលគ្រប់គ្រងលើទីផ្សារទ្រព្យសកម្មឌីជីថល របស់ប្រទេសនេះ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ថា រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃសៅរ៍ បានចេញប្រកាសអនុក្រឹត្យលេខ 284/2026 ដោយណែនាំពីការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះការបំពានទាំងឡាយណាដែលពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ អំឡុងពេលកម្មវិធីសាកល្បងរយៈពេល ៥ ឆ្នាំ ដែលត្រូវបានបង្កើតឡើងក្រោមសេចក្តីសម្រេចចិត្តលេខ 05/2025។

អនុក្រឹត្យនេះ ដែលនឹងត្រូវ ចូលជាធរមាន ចាប់ពីថ្ងៃទី ១ ខែកញ្ញាតទៅ បានកត់សម្គាល់ជាលើកដំបូងបង្អស់ ដែលប្រទេសវៀតណាម បានដាក់ទណ្ឌកម្មលើវិនិយោគិនក្នុងស្រុក ណាដែលជួញដូរទ្រព្យសកម្មគ្រីបតូនៅខាងក្រៅក្រុមហ៊ុនផ្តល់សេវាកម្ម ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងហិរញ្ញវត្ថុ។

ក្រោមច្បាប់ថ្មីនេះ បុគ្គលទាំងឡាយណាដែលជួញដូរទ្រព្យសកម្មគ្រីបតូតាមរយៈស្ថាប័ននានាដែលមិនទាន់ទទួលបានអាជ្ញាប័ណ្ណពីក្រសួង នឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាប្រាក់ចន្លោះពី ៣០ លានដុង ទៅ ៥០ លានដុង។

ដោយឡែក វិនិយោគិនដែលជួញដូរទ្រព្យសកម្មគ្រីបតូណា ដែលត្រូវបានអនុញ្ញាតឱ្យផ្តល់ជូនតែវិនិយោគិនបរទេសប៉ុណ្ណោះ អាចនឹងត្រូវប្រឈមមុខនឹងការផាកពិន័យខ្ពស់ជាងនេះ ពោលគឺចាប់ពី ៧០ លានដុង ទៅ ១០០ លានដុង។

To Top