គុយវែត បញ្ជាក់ថា អ៊ីរ៉ង់ វាយប្រហាររោងចក្រចម្រាញ់ ទឹកប្រៃរបស់ខ្លួន ខណៈហ្ស៊កដានី ស្ទាក់ចាប់យន្តហោះគ្មាន មនុស្សបើក និងមីស៊ីលជាច្រេីនគ្រាប់
អាម៉ាន់៖ គុយវ៉ែត និងហ្ស៊កដានី បានស្ថិតនៅក្រោមការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់ឡើងវិញនៅយប់ថ្ងៃច័ន្ទ និងថ្ងៃអង្គារ ខណៈដែលទីក្រុងតេអេរ៉ង់ បន្តការវាយប្រហារសងសឹកប្រឆាំងនឹងមូលដ្ឋាន និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសក្នុងតំបន់។
ក្រសួងអគ្គិសនី ទឹក និងថាមពលកកើតឡើងវិញរបស់ប្រទេសគុយវ៉ែត បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រផលិតថាមពល និងចម្រាញ់ទឹកប្រៃជាច្រើននៅក្នុងប្រទេសគុយវ៉ែត ត្រូវបានវាយប្រហារនៅល្ងាចថ្ងៃច័ន្ទ ដែលបង្កឱ្យមានអគ្គីភ័យនៅរោងចក្រជាច្រើន។
ក្រសួងបានឧ្យដឹងថា ដើម្បីជាការប្រុងប្រយ័ត្ន អង្គភាពផលិតអគ្គិសនីជាច្រើនត្រូវបានផ្តាច់ចេញដើម្បីការពារឧបករណ៍ និងរក្សាស្ថេរភាពនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី និងទឹករបស់ប្រទេស ដោយបន្ថែមថា ការវាយតម្លៃការខូចខាត ការជួសជុល និងការស្តារឡើងវិញកំពុងដំណើរការ។
ក្រសួងមិនបានបញ្ជាក់ពីចំនួន ឬទីតាំងនៃរោងចក្រ ដែលរងផលប៉ះពាល់នោះទេ ហើយក៏មិនបានរាយការណ៍ពីអ្នកស្លាប់ និងរបួសណាមួយដែរ។
យោងតាមអាជ្ញាធរគុយវ៉ែត ការវាយប្រហារថ្មីៗនេះ លើប្រទេសគុយវ៉ែត បានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មួយចំនួន រួមទាំងរោងចក្រប្រេង និងរោងចក្រថាមពល និងរោងចក្រចម្រាញ់ទឹកប្រៃ៕
ប្រែសម្រួល ឈូក បូរ៉ា









