ព័ត៌មានអន្តរជាតិ

មូលដ្ឋានទ័ព និងទ្រព្យសម្បត្តិ របស់សហរដ្ឋអាមេរិក នៅបារ៉ែន គុយវ៉ែត និងហ្ស៊កដានី​ ស្ថិតក្រោមគោលដៅវាយ ប្រហាររបស់អ៊ីរ៉ង់​

តេអេរ៉ង់៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់​ បានឧ្យដឹងថាពួកគេបានធ្វើការវាយប្រហារសងសឹកថ្មីដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងមូលដ្ឋានទ័ព ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិកនៅបារ៉ែន គុយវ៉ែត និងហ្ស៊កដានី បន្ទាប់ពីការវាយប្រហារមួយផ្សេងទៀតរបស់សហរដ្ឋអាមេរិក​ លើអ៊ីរ៉ង់។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News ថាកងកម្លាំងអវកាសរបស់ខ្លួនបានកំណត់គោលដៅប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិក មូលដ្ឋានរ៉ាដា ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង និងទ្រព្យសម្បត្តិយោធាផ្សេងទៀតនៅបារ៉ែន និងគុយវ៉ែត ក៏ដូចជាមូលដ្ឋានយោធាអាមេរិកនៅហ្ស៊កដានី។

IRGC បានឧ្យដឹងថាការវាយ ប្រហារទាំងនេះត្រូវបានធ្វើឡើងដើម្បីសងសឹក​ ចំពោះការវាយប្រហារថ្មីៗ របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ហើយមានបំណងបើកផ្លូវ​ សម្រាប់ប្រតិបត្តិការមីស៊ីល និងយន្តហោះគ្មានមនុស្សបើក កាន់តែទូលំទូលាយប្រឆាំងនឹងគោលដៅយោធាអាមេរិកនៅក្នុងតំបន់។

ដោយឡែកពីគ្នា កងទ័ពអ៊ីរ៉ង់​ បានឧ្យដឹងថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងមូលដ្ឋានយោធាអាមេរិកជាច្រើននៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន រួមទាំងមូលដ្ឋានទ័ពអាកាស Camp Arifjan មូលដ្ឋានទ័ពអាកាស Ahmad al-Jaber និងមូលដ្ឋានទ័ពអាកាស Shaikh Isa។

កងកម្លាំង IRGC ក៏បានឧ្យដឹងផងដែរថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលទិន្នន័យ Amazon នៅក្នុងប្រទេសបារ៉ែន ដោយនិយាយថា ការវាយប្រហារនេះគឺ ជាការឆ្លើយតបទៅនឹងការ វាយប្រហារថ្មីៗ នេះរបស់សហរដ្ឋអាមេរិក លើរោងចក្រថាមពលនុយក្លេអ៊ែរ Darkhovin ដែលកំពុងសាងសង់នៅក្នុងខេត្ត Khuzestan ភាគនិរតីនៃប្រទេសអ៊ីរ៉ង់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top