នាយករដ្ឋមន្ត្រីកាណាដា៖ ពន្ធគយមេរិក រំលោភលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មត្រីភាគី
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានឧ្យដឹងថា ចេតនាដែលបានប្រកាស របស់រដ្ឋបាលសហរដ្ឋអាមេរិក ក្នុងការកំណត់ពន្ធថ្មី ៥០%ភាគរយលើទំនិញកាណាដា ជាច្រើនប្រភេទ គឺជា “សកម្មភាពពាណិជ្ជកម្មឯកតោភាគី ចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ដែលជាការរំលោភដោយ ផ្ទាល់ទៅលើកិច្ចព្រមព្រៀងកាណាដា-សហរដ្ឋអាមេរិក-ម៉ិកស៊ិក (CUSMA)”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Carney បានឧ្យដឹងថា សហរដ្ឋអាមេរិកបាន “ផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម ទាំងអស់របស់ខ្លួន រួមទាំងទំនាក់ទំនងដែលគ្របដណ្តប់ក្រោម CUSMA ក្នុងរយៈពេល ១៨ខែកន្លងមក” ហើយកាណាដាបានធ្វើសំណើលម្អិត និងទូលំទូលាយជាបន្តបន្ទាប់ ដើម្បីដោះស្រាយជម្លោះ និងធ្វើទំនើបកម្ម CUSMA។
ប្រធានាធិបតីអាមេរិកលក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសចំនួនបី ដើម្បីដាក់ពន្ធបន្ថែម ៥០%លើទំនិញកាណាដាមួយចំនួន ដោយថា កាណាដាកំពុងរើសអើងពាណិជ្ជកម្មអាមេរិក។
យោងតាមឯកសារដែលបានបង្ហោះនៅលើគេហទំព័ររបស់សេតវិមាន ពន្ធបន្ថែម ៥០%លើផលិតផលទឹកដោះគោ ភេសជ្ជៈមានជាតិអាល់កុល យានយន្ត និងទំនិញពាក់ព័ន្ធមួយចំនួន បានចូលជាធរមាននៅថ្ងៃទី 19 ខែសីហា។ ផលិតផលថាមពល ប៉ូតាស្យូម ត្រី និងសារធាតុរ៉ែសំខាន់ៗ នឹងត្រូវបានលើកលែងពីពន្ធ។
នៅក្នុងសេចក្តីប្រកាសមួយទាក់ទងនឹងយានយន្ត និងផលិតផលពាក់ព័ន្ធ លោក ត្រាំ បានឧ្យដឹងថា ប្រទេសកាណាដាបានរក្សាពន្ធគយ ២៥ភាគរយ លើការនាំចូលយានយន្តរបស់សហរដ្ឋអាមេរិក ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការអនុគ្រោះពន្ធ និងមិនជាប់ពន្ធ ក្រោមកិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ចាប់តាំងពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។
ប្រទេសកាណាដាក៏រក្សាកូតាអត្រាពន្ធគយលើយានយន្តរបស់សហរដ្ឋអាមេរិក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការអនុគ្រោះពន្ធ និងមិនជាប់ពន្ធ ក្រោមកិច្ចព្រមព្រៀង USMCA។
បន្ទាប់ពីការអនុវត្តវិធានការពន្ធគយ ការនាំចូលយានយន្តរបស់សហរដ្ឋអាមេរិករបស់ប្រទេសកាណាដាបានធ្លាក់ចុះប្រហែល ២២ភាគរយ ពីប្រហែល ២៥.៩ ពាន់លានដុល្លារអាមេរិក ចន្លោះខែមេសា ឆ្នាំ២០២៤ និងខែមីនា ឆ្នាំ២០២៥ មកនៅប្រហែល ២០.៣ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានៃឆ្នាំ២០២៥-២០២៦ នេះបើយោងតាមសេចក្តីប្រកាស។
លោក ត្រាំ បានឧ្យដឹងថា “ប្រទេសកាណាដា អនុវត្តគម្រោងពន្ធគយ ចំពោះតែយានយន្តដែលមាន ប្រភពដើមនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ” ដោយអះអាងថា គោលនយោបាយពន្ធគយរបស់ប្រទេសកាណាដា រើសអើងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យអាជីវកម្មអាមេរិកមានគុណវិបត្តិ បើប្រៀបធៀបទៅនឹងអាជីវកម្មរបស់ប្រទេសដទៃទៀត៕
ប្រែសម្រួល ឈូក បូរ៉ា









