Feature

ក្រុមហ៊ុនអាមេរិក បង្ហាញទំនុកចិត្តលើកំណើន និងការអភិវឌ្ឍ ឧស្សាហកម្មរបស់កម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Brian McFeeters ឯកអគ្គរដ្ឋទូតចូលនិវត្តន៍ និងជាប្រធាន និង នាយកប្រតិបត្តិរបស់ក្រុមប្រឹក្សានេះ ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍឧស្សាហកម្ម នវានុវត្តន៍ ការចាប់យកបច្ចេកវិទ្យា ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការវិនិយោគ។

ជំនួបនេះ ជាផ្នែកមួយនៃដំណើរបេសកកម្មនៅកម្ពុជា របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សម្រាប់ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនធំៗរបស់អាមេរិកក្នុងវិស័យយានយន្ត ទំនិញប្រើប្រាស់ ហិរញ្ញវត្ថុឌីជីថល សុខាភិបាល ថាមពល និងបច្ចេកវិទ្យា។

លោក ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញការស្រាវជ្រាវ នវានុវត្តន៍ និងភាពប្រកួតប្រជែងឧស្សាហកម្ម តាមរយៈការបង្កើតមូលនិធិស្រាវជ្រាវជាតិ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ព្រមទាំងការរៀបចំច្បាប់ គោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

លោករដ្ឋមន្ត្រី បានលើកឡើងថា «កម្ពុជាកំពុងកសាងមូលដ្ឋានគ្រឹះ ដើម្បីឱ្យការស្រាវជ្រាវ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្លាយជាកម្លាំងចលករនៃបរិវត្តកម្មសេដ្ឋកិច្ចរបស់យើង។ យើងស្វាគមន៍ភាពជាដៃគូជាមួយវិស័យឯកជនសហរដ្ឋអាមេរិក ក្នុងការស្រាវជ្រាវអនុវត្ត កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងនវានុវត្តន៍ ដែលអាចលើកកម្ពស់ឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់យើង»។

លោក Brian McFeeters បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងការពង្រីកបេសកកម្មរបស់ធុរកិច្ចអាមេរិកនៅកម្ពុជា។

លោក Brian McFeeters បានលើកឡើងថា «ក្រុមហ៊ុនដែលជាសមាជិករបស់យើង តំណាងឱ្យវិស័យដែលមាននវានុវត្តន៍ និងថាមវន្តបំផុតក្នុងសេដ្ឋកិច្ចអាមេរិក ហើយពួកគេមកទីនេះ ដោយសារពួកគេជឿជាក់លើគន្លងកំណើនរបស់កម្ពុជា និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសអំណោយផល និងស្វាគមន៍ ចំពោះការវិនិយោគរបស់អាមេរិក»៕

To Top