លោក ឃួន ផុនរតនៈ ៖ Korean Air កំពុងដើរតួនាទីសំខាន់ ក្នុងវិស័យដឹកជញ្ជូន តាមផ្លូវអាកាសរបស់កម្ពុជា
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ Korean Airរបស់កូរ៉េខាងត្បូង កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន តាមផ្លូវអាកាសរបស់ប្រទេសកម្ពុជា ។

ការលើកឡើងបែបនេះរបស់លោក ឃួន ផុនរតនៈ ក្នុងជំនួបពិភាក្សាការងារជាមួយលោកអនុប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Korean Airនៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន Korean Air ក្នុងតំបន់គីមផូ ខេត្តខ្យង់គីដូ សាធារណរដ្ឋកូរ៉េ ។

ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពវិវត្តន៍ថ្មីៗនៃការធ្វើដំណើររបស់ប្រជាជនកម្ពុជា និងកូរ៉េតាមជើងហោះហើររបស់ក្រុមហ៊ុន Korean Air ។

ឯកអគ្គរាជទូតមានប្រសាសន៍ថា ក្រុមហ៊ុន Korean Air បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសកម្ពុជា ដែលបានតភ្ជាប់រាជធានីភ្នំពេញទៅកាន់ទីក្រុងសេអ៊ូល និងទីក្រុងធំៗ ក្នុងសហរដ្ឋអាមេរិក ដូចជា ៖ ទីក្រុងញ៉ូវយ៉ក ប៊ូសស្តុន និងទីក្រុងវ៉ាស៊ីនតោន ជាដើម។

លោកសង្ឃឹមថា ក្រុមហ៊ុន Korean Air នឹងបន្តរក្សា និងពង្រីកទីផ្សារអាកាសចរណ៍របស់ខ្លួនក្នុងប្រទេសកម្ពុជាក្នុងនាមជាអាកាសចរណ៍ឈានមុខទី១ របស់ប្រទេសកូរ៉េ ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង Korean Air មានចំណុចរំលេចសំខាន់ៗដូចជា ពង្រីកទីផ្សារ និងកំណើនអ្នកដំណើរ , ការប្តេជ្ញាចិត្តរក្សាទីផ្សារ , កិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ និងការផ្តល់ជូនពិសេសសម្រាប់អ្នកដំណើរតាមរយៈការបញ្ចុះតម្លៃដោយក្រុមហ៊ុនតែងតែសហការជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក ៕










