ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ជំរុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានជំរុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ដ៏សំខាន់ នាពេលអនាគត។
 
ការជំរុញនេះ បានធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាស លោក បញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

ក្នុងឱកាសនៃជំនួប លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ពីការកើនឡើងនៃការវិនិយោគ​របស់ក្រុមហ៊ុនជប៉ុនធំៗនៅកម្ពុជា ដូចជា​ ក្រុមហ៊ុនតូយ៉ូតា (Toyota) ជាដើម មិនត្រឹមតែជួយបង្កើតការងារជូនពលរដ្ឋកម្ពុជា​​ ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងបាននាំមកនូវបច្ចេកវិទ្យាទំនើប និងការបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋកម្ពុជាទៀតផង។
 
លោកឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិនជប៉ុន។ ជាមួយគ្នានេះ, លោក បានអះអាងថា ជប៉ុននឹងនៅតែបន្តផ្ដល់ការគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
 
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានានូវបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ តាមរយៈការដាក់ចេញនូវការកែទម្រង់សំខាន់ៗ ជាពិសេសការកែសម្រួលរចនាសម្ព័ន្ធ និងយន្តការការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងការធ្វើទំនើបកម្មប្រព័ន្ធពន្ធដារ ដើម្បីផ្ដល់ភាពងាយស្រួល និងបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុននៅកម្ពុជា កាន់តែច្រើនថែមទៀត។ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្ររាល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងក្រសួងស្ថាប័ននៃប្រទេសទាំងពីរ។
 
សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកឯកអគ្គរាជទូត ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនទៀត រួមមាន ៖ សេដ្ឋកិច្ចឌីជីថល, សន្តិសុខ និងការពារជាតិ, ក៏ដូចជា៖ ការជំរុញការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម តាមរយៈគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ដ៏សំខាន់ នាពេលអនាគត៕

To Top