Feature

កាណាដាលុបចោលពិធីអបអរសាទររួមគ្នាជាមួយអាមេរិក ជុំវិញការបើកសម្ពោធស្ពាន Gordie Howe ដោយសារការគំរាមកំហែងពាណិជ្ជកម្មពីលោក ត្រាំ

បរទេស៖ ប្រទេសកាណាដាបានលុបចោលគម្រោងរៀបចំពិធីអបអរសាទររួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីកត់សម្គាល់ការបើកសម្ពោធស្ពានអន្តរជាតិ ហ្គរឌី ហូវ ដែលតភ្ជាប់រវាងទីក្រុង វីនស័រ (Windsor) នៃខេត្តអនតារីយ៉ូ របស់កាណាដា  និងទីក្រុង ឌីត្រយ របស់អាមេរិក ដោយលើកឡើងពីការគំរាមកំហែងផ្នែកពាណិជ្ជកម្មពីសំណាក់ប្រធានាធិបតី ដូណាល់ ត្រាំ។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា អ្នកស្រី ជេនណា ហ្គាសាប៊េ (Jenna Ghassabeh) អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធកាណាដា លោក ហ្គ្រេហ្គ័រ រ៉ូប៊ើតសុន (Gregor Robertson) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖ «ដោយមើលឃើញពីសកម្មភាពពាណិជ្ជកម្មដែលគំរាមកំហែងដោយសហរដ្ឋអាមេរិកកាលពីដើមសប្តាហ៍នេះ វាហាក់បីដូចជាមិនសមស្របនោះទេក្នុងការបន្តរៀបចំព្រឹត្តិការណ៍អបអរសាទររវាងប្រទេសទាំងពីរ»។
 
អភិបាលក្រុង វីនស័រ លោក ឌ្រូ ឌីលខេនស៍ (Drew Dilkens) បានមានប្រសាសន៍នៅក្នុង បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ស្ពាននេះត្រូវបានកំណត់ថា នឹងបើកឱ្យចរាចរណ៍ឆ្លងកាត់នៅថ្ងៃទី២៧ ខែកក្កដា។ ពិធីកាត់ខ្សែបូត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ដោយមានការរំពឹងទុកថា នឹងមានការចូលរួមពីមន្ត្រីសហរដ្ឋអាមេរិក និងកាណាដា។
 
អ្នកស្រី ហ្គាសាប៊េ បានបន្តថា ប្រទេសកាណាដានៅតែ «ប្តេជ្ញាចិត្ត» ក្នុងការបើកដំណើរការស្ពាននេះនៅថ្ងៃទី២៧ ខែកក្កដា ដដែល ប៉ុន្តែនឹងកត់សម្គាល់ព្រឹត្តិការណ៍ដ៏សំខាន់នេះតាមរយៈការប្រារព្ធពិធី «ក្នុងចំណោមប្រជាជនកាណាដា» វិញ នៅថ្ងៃទី២៤ ខែកក្កដា។
 
សូមជម្រាបថា កាលពីថ្ងៃចន្ទ លោក ត្រាំ បានប្រកាសដាក់ពន្ធ ៥០% លើទំនិញនាំចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសកាណាដា ដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលរដ្ឋបាលសហរដ្ឋអាមេរិកហៅថា ជាការប្រព្រឹត្តដោយរើសអើងចំពោះរថយន្ត គ្រឿងស្រវឹង និងផលិតផលទឹកដោះគោដែលផលិតនៅអាមេរិក។
 
ស្ពានដែលមានតម្លៃ ៤,៧ ពាន់លានដុល្លារនេះ ត្រូវបានដាក់ឈ្មោះតាមកីឡាករវាយកូនគោលលើទឹកកកដ៏ល្បីល្បាញរបស់ក្រុម Detroit Red Wings ហើយដើមឡើយត្រូវបានកំណត់ថានឹងបើកសម្ពោធនៅក្នុងខែមិថុនា។

កាលពីខែកុម្ភៈ លោក ត្រាំ បានគំរាមរារាំងគម្រោងនេះ ដោយលើកឡើងពីការបដិសេធរបស់កាណាដាក្នុងការស្តុកទុកភេសជ្ជៈមានជាតិអាល់កុលមួយចំនួនរបស់អាមេរិក ការដំឡើងពន្ធលើផលិតផលទឹកដោះគោ និងការចរចាពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន។

ប្រែសម្រួលៈ ណៃ តុលា

To Top