ក្រសួងមហាផ្ទៃ ណែនាំឱ្យបង្ការជំងឺគ្រុនឈាម ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបង្ការជំងឺគ្រុនឈាម ក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដោយត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត ចុះបាញ់ថ្នាំសម្លាប់សត្វមូសផងដែរ។
បើតាមសេចក្ដីណែនាំរបស់ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ កក្កដា ថា អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការណែនាំលោក លោកស្រីប្រធាន មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ដូចជា ៖ ត្រូវសហការជាមួយមន្ទីរសុខាភិបាលរាជធានី ខេត្ត ចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅខាងក្នុង ខាងក្រៅ បរិវេណមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដើម្បីបង្ការជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗទៀត ព្រមទាំងដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក។

ជាមួយគ្នានេះ ត្រូវណែនាំឱ្យជនជាប់ឃុំទុកដាក់របស់របរសំលៀកបំពាក់ឱ្យមានសណ្តាប់ធ្នាប់ តាមអគារឃុំ និង កន្លែងធ្វើការមន្ត្រី ឱ្យមានពន្លឺថ្ងៃ និងខ្យល់ចេញចូលបានល្អ។ ចំពោះសម្ភារដក់ទឹកដែលទុកចោលមិនប្រើប្រាស់ ត្រូវកប់ ដុតកំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។
ប្រភពដដែល បន្ថែមថា ប្រសិនបើមន្ត្រី ឬជនជាប់ឃុំមានរោគសញ្ញាគ្រុនក្តៅខ្លួនខ្លាំងភ្លាមៗចាប់ពី ៣៩ ទៅ ៤០អង្សាសេ ត្រូវទៅពិគ្រោះយោបល់ជាមួយមន្ត្រីពេទ្យពន្ធនាគារ ដើម្បីទទួលការពិនិត្យព្យាបាលជាបន្ទាន់នៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឱ្យបានឆាប់តាមដែលអាចធ្វើបាន៕









