លោកXi Jinping ផ្តល់អនុសាសន៍ ណែនាំសំខាន់ សម្រាប់ការងារ ស្តីពីអប់រំជាមូលដ្ឋាន
នាពេលថ្មីៗនេះ លោកXi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធា មជ្ឈិមចិនបានផ្តល់អនុសាសន៍ ណែនាំសំខាន់ សម្រាប់ការងារស្តីពីការអប់រំជាមូលដ្ឋាន ដោយបានលើកឡើងថា ចាប់ពីសមាជបក្សកុម្មុយនីស្តចិន លើកទី១៨ មក មជ្ឈិមបក្សកុម្មុយនីស្តចិន បានចាត់ទុកការអប់រំជាមូលដ្ឋានជាការងារមូលដ្ឋាននិងការងារជាអាទិភាព និងអនុវត្តវិធានការជាច្រើន ដើម្បីជំរុញការអប់រំជាមូលដ្ឋានឱ្យអភិវឌ្ឍក្នុងរយៈពេលយូរ និងផ្តល់ការគាំទ្រយ៉ាងមុតមាំ សម្រាប់ការកសាងប្រទេសខ្លាំងក្លាខាងវិស័យអប់រំ ។
លោកXi Jinpingបានលើកឡើងថា ត្រូវតែគោរពតាមក្រឹត្យក្រម នៃការអប់រំ អនុវត្តគំនិតអប់រំដែលចាត់ទុកសុខភាពជាអាទិភាព លើកកម្ពស់គុណភាពនៃការអប់រំ ជំរុញ សុខភាពខាងផ្លូវកាយនិងផ្លូវចិត្ត និងការលូតលាស់របស់សិស្សានុសិស្ស ។ ត្រូវសមស្របទៅ តាមបមណងប្រាថ្នារបស់ប្រជាជន ជំរុញការលើកកម្ពស់គុណភាពនៃការអប់រំជាមូលដ្ឋាន ក្តាប់ជាប់បន្ទាត់ក្រហម នៃសមភាពខាងការអប់រំ ។ ត្រូវផ្សព្វផ្សាយស្មារតីរបស់អ្នកអប់រំ បង្កើនការកសាងក្រមសីលធម៌និងឥរិយាបថរបស់គ្រូបង្រៀន បណ្តុះបណ្តាលក្រុមគ្រូបង្រៀន ដែលមានគុណភាពខ្ពស់ និងប្រកបដោយវិជ្ជាជីវៈ ។ គណៈកម្មការបក្សនិងរដ្ឋបាលគ្រប់ជាន់ ថ្នាក់ត្រូវតែទទួលខុសត្រូវខាង នយោបាយយ៉ាងម៉ឺងម៉ាត់ ធ្វើប្រសើរឡើងនូវការបែងចែកធនធាន សាលារៀន ធ្វើឱ្យកំណែទម្រង់ការអប់រំចម្រុះ មានភាពកាន់តែស៊ីជម្រៅ និងជំរុញកិច្ចខិតខំប្រឹងប្រែងរួម រវាងសាលារៀន គ្រួសារ និងសង្គម ដើម្បីត្រួសត្រាយជាបន្តបន្ទាប់ នូវនិម្មាបនកម្មថ្មីនៃការអភិវឌ្ឍ នៃការអប់រំជាមូលដ្ឋានប្រកបដោយគុណភាពខ្ពស់ ៕









