ព័ត៌មានអន្តរជាតិ

ចិន ជំរុញអោយសហរដ្ឋអាមេរិក ដោះស្រាយភាពខុសគ្នា​ និងកង្វល់ស្របច្បាប់របស់ចិន

ប៉េកាំង៖​ ដោយ​ប្រឆាំង​នឹង​ការ​កត់សម្គាល់ និង​សកម្មភាព​អវិជ្ជមាន ​ជា​បន្តបន្ទាប់​របស់​សហរដ្ឋអាមេរិក​ថ្មីៗ​នេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក គោរពផលប្រយោជន៍ស្នូលរបស់ប្រទេសចិន គាំទ្រគោលការណ៍ចិនតែមួយ គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងដោះស្រាយកង្វល់ស្របច្បាប់របស់ប្រទេសចិន។

លោក វ៉ាង យី​ ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

លោក វ៉ាង យី​ បានលេីកឡេី​ងថា ឆ្នាំនេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រមួយ នៅទីក្រុងប៉េកាំង ជាកន្លែងដែលប្រមុខរដ្ឋទាំងពីរបានកំណត់ ផ្លូវសម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិកដែលមានស្ថិរភាពជាយុទ្ធសាស្ត្រ។

លោកបានបន្ដថា នេះតំណាងឱ្យវឌ្ឍនភាពដ៏សំខាន់ក្នុងការរុករកការរួមរស់ដោយសន្តិភាពរបស់មហាអំណាចទាំងពីរ ដោយបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ និងបំពេញតាមការរំពឹងទុករួមគ្នារបស់សហគមន៍អន្តរជាតិ។

ភារកិច្ចរបស់ភាគីទាំងពីរឥឡូវនេះ គឺត្រូវបន្តដើរលើផ្លូវដែលប្រមុខរដ្ឋទាំងពីរបានដាក់ចេញ ដោយយកឈ្នះលើការរំខាន និងឧបសគ្គ ដើម្បីប្រែក្លាយការឯកភាពគ្នារបស់ពួកគេទៅជាការយល់ដឹង និងសកម្មភាពជាក់ស្តែងនៅទូទាំងរដ្ឋាភិបាល៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top