ព័ត៌មានអន្តរជាតិ

ក្រុមហ៊ូធី ដែលមាននិន្នាការទៅរកអ៊ីរ៉ង់ ប្រកាសទំនួលខុសត្រូវ ចំពោះការវាយប្រហារ លើនាវាដឹកប្រេង របស់អារ៉ាប៊ីសាអូឌីតចំនួនពីរគ្រឿង

បរទេស៖ ក្រុមហ៊ូធី (Houthis) ដែលមាននិន្នាការទៅរកអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាស ពីការទំនួលខុសត្រូវ ចំពោះការវាយប្រហារខាងយោធា លើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតចំនួនពីរគ្រឿង ដែលជាផ្នែកមួយនៃការបិទខ្ទប់ផ្លូវទឹកប្រឆាំង នឹងប្រទេសអារ៉ាប៊ីសាអូឌីត។ សកម្មភាពនេះបានរុញច្រានឱ្យមានការគ្រប់គ្រងផ្លូវកាត់យុទ្ធសាស្ត្រទីពីរលើការផ្គត់ផ្គង់ប្រេងពិភពលោកនៅឯសមុទ្រក្រហម ដោយមានការសម្របសម្រួលជាមួយកិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា ទន្ទឹមនឹងនេះដែរ យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបើកការវាយប្រហារជុំថ្មីមួយទៀតលើប្រទេសអ៊ីរ៉ង់ ក្រោមការណែនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលនេះជាការវាយប្រហាររាត្រីទី ១២ ជាប់ៗគ្នារបស់អាមេរិក។

ក្រុមសកម្មប្រយុទ្ធហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែនមួយនេះ ដែលគ្រប់គ្រងតំបន់ក្បែរច្រកសមុទ្រ Bab el-Mandeb នៅចុងម្ខាងទៀតនៃឧបទ្វីបអារ៉ាប់ ផ្ទុយពីច្រកសមុទ្រ Hormuz បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេកំពុងដាក់ការបិទខ្ទប់ផ្លូវទឹកលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលអ្នកវិភាគមួយចំនួនយល់ថា ជាការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ក្នុងគោលបំណងស្វែងរកប្រៀបក្នុងការចរចា។

នាវាដឹកប្រេងចំនួនប្រាំគ្រឿងបានប្តូរទិសដៅធ្វើដំណើរនៅក្នុងសមុទ្រក្រហម ដើម្បីជៀសវាងច្រកសមុទ្រ Bab el-Mandeb កាលពីថ្ងៃពុធ ហើយនាវាដឹកប្រេងចំនួនបីគ្រឿងទៀតដែលផ្ទុកប្រេងរបស់អារ៉ាប៊ីសាអូឌីតសម្រាប់ឆ្ពោះទៅកាន់ប្រទេសចិន និងឥណ្ឌា បានបត់ក្បាលត្រឡប់ក្រោយវិញកាលពីថ្ងៃអង្គារ។

សូម្បីតែមុនពេលមានការគំរាមកំហែងជាថ្មីចំពោះចរាចរណ៍នាវាចរណ៍ នៅក្នុងសមុទ្រក្រហមក៏ដោយ ការបិទខ្ទប់ស្ទើរតែទាំងស្រុងរបស់អ៊ីរ៉ង់លើច្រកសមុទ្រ Hormuz បានធ្វើឱ្យមានអតិផរណានៅជុំវិញពិភពលោក រុញតម្លៃប្រេងឱ្យហក់ឡើងខ្ពស់ និងដាក់សម្ពាធលើអ្នកប្រើប្រាស់ សាំងរបស់សហរដ្ឋអាមេរិក ចំពេលដែលសង្រ្គាម​ មិនពេញនិយមមួយនេះ បានធ្វើឱ្យសម្ព័ន្ធមិត្តបក្សសាធារណរដ្ឋរបស់លោក ត្រាំ ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង នៅមុនការបោះឆ្នោតសភាជាតិខែវិច្ឆិកាខាងមុខ។

ប្រែសម្រួលៈ ណៃ តុលា

To Top