នាវាដឹកប្រេងខ្នាតយក្ស របស់ចិន២គ្រឿង ដែលផ្ទុកប្រេងអារ៉ាប៊ីសាអូឌីត ៤ លានបារ៉ែល ធ្វើដំណើរឆ្ពោះទៅច្រកសមុទ្រ Bab el-Mandeb ដើម្បីចាកចេញពីសមុទ្រក្រហម
បរទេស៖ ទិន្នន័យនាវាចរណ៍បានបង្ហាញ នៅថ្ងៃព្រហស្បតិ៍ថា នាវាដឹកប្រេងឆៅខ្នាតយក្ស (VLCC) របស់ចិនចំនួនពីរគ្រឿង ដែលផ្ទុកប្រេងរបស់អារ៉ាប៊ីសាអូឌីតចំនួន ៤ លានបារ៉ែល កំពុងធ្វើដំណើរឆ្ពោះទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដើម្បីចាកចេញពីសមុទ្រក្រហម។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា ទិន្នន័យនាវាចរណ៍ពី LSEG បានបង្ហាញថា នាវា VLCC ឈ្មោះ Xin Long Yang ដែលដោតទង់ជាតិសិង្ហបុរី ដែលបានបត់ក្បាលត្រឡប់ក្រោយ និងបានឈប់ និងផ្អាកដំណើរ ការនៅចំកណ្តាលសមុទ្រក្រហមកាលពីថ្ងៃអង្គារ គឺបានបន្តដំណើរឆ្ពោះទៅ ទិសខាងត្បូងឡើងវិញកាលពីយប់ថ្ងៃពុធ។
ទិន្នន័យដដែលបានបង្ហាញថា នាវានេះកំពុងបើកកាត់ឆ្នេរឆ្នេរសមុទ្រយេម៉ែន ដោយមាននាវា VLCC ឈ្មោះ Cosnew Lake ដែលដោតទង់ជាតិចិន បើកតាមពីក្រោយ។
ក្រុមហ៊ុន Cosco Shipping ដែលជាអ្នកគ្រប់គ្រង នាវាដឹកប្រេងទាំងពីរគ្រឿងនេះ មិនទាន់អាចទាក់ទង សុំការអត្ថាធិប្បាយបានភ្លាមៗ នៅឡើយទេ ។
ទិន្នន័យបានបង្ហាញទៀតថា នាវាទាំងពីរបានបញ្ជាក់ តាមរយៈប្រព័ន្ធបញ្ជូនសញ្ញាសម្គាល់ស្វ័យប្រវត្តិ (AIS) របស់ពួកគេថា មាននាវិកជាជនជាតិចិននៅលើនោះ។ នាវាទាំងនេះបានផ្ទុកប្រេងឆៅនៅកំពង់ផែ Yanbu របស់អារ៉ាប៊ីសាអូឌីត កាលពីដើមសប្តាហ៍នេះ។
ប្រែសម្រួលៈ ណៃ តុលា









