ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
ភ្នំពេញ ៖ លោកស្រី សួស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទប់ស្កាត់ និងការឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្ត អនុស្សរណៈយោគយល់គ្នា លើកទី៨ សម្រាប់ឆ្នាំ២០២៣-២០២៧ រវាងក្រសួងការងារ និងបណ្តុះបណ្តោលវិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា (ILO-BFC) ក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាព របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីរការងារនិង បណ្តុះបណ្តោលវិជ្ជាជីវៈរាជធានី-ខេត្ត លើបញ្ហាសមភាពយេនឌ័រ ការទប់ស្កាត់ និង ការឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ នៅកន្លែងធ្វើការ។
ក្នុងឱកាសនេះ លោកស្រី សួស ស៊ីនួន បានថ្លែងអំណរគុណចំពោះគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា អង្គការនៃអង្គការ (ILO-BFC) ដែលបានបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដល់ការរៀបចំវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់នេះ ក្នុងទិសដៅលើកកម្ពស់សមត្ថភាពមន្ត្រីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ (GBVH) នៅកន្លែងការងារ សហគ្រាស ក្រុមហ៊ុន និងរោងចក្រ។

លោកស្រីបានគូសបញ្ជាក់ថា ការបង្កើតកន្លែងការងារប្រកបដោយសុវត្ថិភាព គោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងគ្មានអំពើហិង្សា ឬការបៀតបៀន គឺ ជាមូលដ្ឋានគ្រឹះសម្រាប់ការងារសមរម្យ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព និងបរិយាបន្ន ។ ក្នុងន័យនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តសហការយ៉ាង ជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី លើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តវិធានការបង្ការ និង ឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះអំពើហិង្សា និងការបៀតបៀន នៅកន្លែងការងារ។

លោកស្រី សួស ស៊ីនួន សង្ឃឹមយ៉ាងមុតមាំថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះនឹងរួមចំណែកដល់ការកសាង បរិយាកាសការងារដែលមានសុវត្ថិភាព សមភាព បរិយាបន្ន និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា និងស្តង់ដាអន្តរជាតិខាងការងារ។

ជាមួយគ្នានេះ លោក ជា សុផល ប្រធានក្រុមត្រួតពិនិត្យលក្ខខណ្ឌការងារ នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានលើកឡើងអំពីសារៈសំខាន់នៃការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រ នៅកន្លែងការងារ។ លោកសង្ឃឹមថា សិក្ខាកាមនឹងទទួលបានចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗ ដែលអាចយកទៅអនុវត្តប្រកប ដោយប្រសិទ្ធភាពនៅក្នុងការងារជាក់ស្តែង និងបន្តចែករំលែកដល់ភាគីពាក់ព័ន្ធផ្សេងទៀត។

លោកក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់គម្រោង រោងចក្រកាន់តែប្រសើរនៅកម្ពុជា ក្នុងការបន្តសហការ ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងរួមចំណែកកសាងកន្លែងការងារដែលមានសុវត្ថិភាព គ្មានអំពើហិង្សា និងការបៀតបៀន សម្រាប់កម្មករនិយោជិតទាំងអស់៕












