លោក ត្រាំ នឹងដាក់ចេញពន្ធគយថ្មី ក្នុងអត្រា ១០% និង ១២,៥% លើទំនិញមកពីដៃគូពាណិជ្ជកម្មចំនួន ៦០ប្រទេស ក្នុងនោះ កម្ពុជា ក្នុងអត្រា១០%
បរទេស៖ រដ្ឋបាលលោក ត្រាំ (Trump) នៅថ្ងៃសុក្រនេះ នឹងដាក់ចេញ នូវពន្ធគយថ្មីក្នុងអត្រា ១០% និង ១២,៥% លើទំនិញមកពីដៃគូពាណិជ្ជកម្មចំនួន ៦០ប្រទេស រួមទាំងសហភាពអឺរ៉ុបផងដែរ ជុំវិញការចោទប្រកាន់ពីបទធូររលុង ក្នុងការអនុវត្តបម្រាមលើពលកម្មដោយបង្ខំ ខណៈដែលពន្ធគយជាសកលបណ្តោះអាសន្ន ចំនួន ១០% ជិតផុតកំណត់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ថា ចំណាត់ការនេះ គឺជាកិច្ចប្រឹងប្រែងចុងក្រោយបង្អស់របស់សេតវិមាន ក្នុងការស្តារឡើងវិញនូវចក្ខុវិស័យយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ស្តីពីពន្ធគយស្ទើរតែទូទាំងពិភពលោក បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកកាលពីខែកុម្ភៈ បានបដិសេធពន្ធគយ «ទៅវិញទៅមក» ពី ១០% ទៅ ៥០% ដែលត្រូវបានដាក់ចេញកាលពីឆ្នាំមុន ក្រោមច្បាប់ស្តីពីស្ថានភាពអាសន្នជាតិ ដើម្បីព្យាយាមកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក។
ពន្ធគយថ្មីទាំងនេះ ដែលត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសេចក្តីជូនដំណឹងនៃព្រឹត្តិបត្រសហព័ន្ធ (Federal Register) នឹងគ្របដណ្តប់លើ ៩៩,៤% នៃទំនិញនាំចូលរបស់សហរដ្ឋអាមេរិក ប៉ុន្តែវារួមបញ្ចូលទាំងការលើកលែងចំពោះផលិតផលជាច្រើន ដូចជា ប្រេង និងហ្គាស ជី ក៏ដូចជាទំនិញអាហារមួយចំនួនផងដែរ។
ដោយត្រូវបានដាក់ចេញ ក្រោមផ្នែកទី ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ពន្ធគយថ្មីនេះអនុញ្ញាតឱ្យរដ្ឋបាលលោក ត្រាំ រក្សាបាននូវ កម្រិតពន្ធអប្បបរមាលើទំនិញនាំចូលស្ទើរតែទាំងអស់ របស់សហរដ្ឋអាមេរិក ទោះបីជាមានការរារាំងពីតុលាការកំពូលក៏ដោយ។ ពន្ធគយទាំងនេះក៏ទំនងជាប្រឈមនឹងហានិភ័យផ្លូវច្បាប់តិចជាងពន្ធគយដែលត្រូវបានបដិសេធកាលពីខែកុម្ភៈផងដែរ ដោយសារតែផ្នែកទី ៣០១ ធ្លាប់បានឆ្លងផុតការប្តឹងតវ៉ានៅតុលាការនាពេលកន្លងមក។
លោក ត្រាំ បានឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីខែកុម្ភៈ ដោយការដាក់ចេញនូវពន្ធគយបណ្តោះអាសន្នចំនួន ១០% សម្រាប់រយៈពេល ១៥០ ថ្ងៃ ដែលនឹងផុតកំណត់នៅម៉ោង ១២:០១ នាទីរំលងអធ្រាត្រ ថ្ងៃសុក្រនេះ (ម៉ោង ០៤:០១ GMT)។ ពន្ធគយថ្មីនឹងចាប់ផ្តើមមានប្រសិទ្ធភាព នៅចំពេលវេលាដដែលនោះ ដោយឡែកទំនិញដែលកំពុងស្ថិតក្នុងការដឹកជញ្ជូន នឹងត្រូវទទួលបានការ លើកលែងរហូតដល់ម៉ោង ១២:០១ នាទីរំលងអធ្រាត្រ ម៉ោងនៅតំបន់ឆ្នេរខាងកើត (EDT) ថ្ងៃទី ២៨ ខែកក្កដា។
សូមជម្រាបថា ក្រោមការសម្រេចជាស្ថាពរ សហរដ្ឋអាមេរិកនឹងដាក់ពន្ធគយ ១០% លើទំនិញមកពីប្រទេសអាហ្សង់ទីន បង់ក្លាដែស អង់គ្លេស កម្ពុជា កាណាដា អេក្វាឌ័រ អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ហុងឌូរ៉ាស ឥណ្ឌា ឥណ្ឌូនេស៊ី ហ្សូដង់ ម៉ាឡេស៊ី ម៉ិកស៊ិក ប៉ាកីស្ថាន ស្រីលង្កា រួមទាំងទ្រីនីដាដ និងតូបាហ្គោ។
សហភាពអឺរ៉ុប កោះតៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង និងស្វីស ត្រូវបានកំណត់អត្រាពន្ធ ដែលនៅពេលបូកបញ្ចូលគ្នា ជាមួយអត្រាពន្ធប្រទេស ដែលទទួលបានការអនុគ្រោះបំផុត (MFN) ដែលមានស្រាប់ នឹងត្រូវសរុបស្មើនឹង ១០% ឬ ១២,៥%។
ចំណែកឯប្រទេសចំនួន ៣៨ ទៀត ត្រូវបានកំណត់អត្រាពន្ធ ១២,៥% ។ ប្រទេសទាំងនោះរួមមានប្រទេសចិនផងដែរ ដែលត្រូវបានសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានឃុំខ្លួនជនជាតិភាគតិចអ៊ុយហ្គ័រ (Uyghur) នៅក្នុងជំរុំការងារ ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះ។









