អ្នកនាំពាក្យ ៖ រោងចក្រសហគ្រាសមួយចំនួន ដែលនៅជុំវិញខេត្តបន្ទាយមានជ័យ បានទទួលយកកម្មករ ពីរោងចក្រ ហាយ-ថេកជាបន្តបន្ទាប់
ភ្នំពេញ៖ ក្រុមហ៊ុន ស៊ិនគិ អ៊ឹមភើរៀល ខេមបូឌៀ(Sunky Apparel Cambodia) ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ឆ្នាំង និងរោងចក្រផ្សេងៗទៀត ដែលស្ថិតនៅជុំវិញ ខេត្តបន្ទាយមានជ័យ បានទទួលយកបងប្អូនកម្មកររបស់ក្រុមហ៊ុន ហាយ-ថេក អឹភែរឹល(ខេមបូឌា)ជាបន្តបន្ទាប់ ក្រោយពីក្រុមហ៊ុនបានប្រកាសបិទ ដំណើរការអាជីវកម្មត្រឹមខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ក្រុមហ៊ុនយល់ព្រមទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងារ ប្រាក់ឈ្នួលចុងក្រោយ, ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់, ប្រាក់បំណាច់ជួសការជូនដំណឹងមុន និងប្រាក់បំណាច់អតីតភាពការងារ ឆមាសទី២ ឆ្នាំ២០២៦ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលអនុលោមទៅតាមច្បាប់។

លោកបន្តថា ការឯកភាពក្នុងដំណោះស្រាយនេះ ក្រោយពីមន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅសម្របសម្រប និងជួយរកដំណោះស្រាយសមរម្យជូនកម្មកនិយោជិត និយោជក និងសហជីព ដើម្បីទូទាត់អត្ថប្រយោជន៍ផ្សេងៗទៅតាមច្បាប់។ ជាលទ្ធផលភាគីពាក់ព័ន្ធទាំងអស់បានយល់ព្រមទទួលយកដំណោះស្រាយ ដោយមិនមានបញ្ហាជំទាស់អ្វីនោះទេ។

អ្នកនាំពាក្យបញ្ជាក់ថា៖«ចំពោះបងប្អូនកម្មករដែលធ្លាប់ធ្វើការងារនៅរោងចក្រហាយ-ថេកមួយចំនួនបានរកការងារថ្មី ហើយខ្លះទៀតទទួលបានការងារជាមួយរោងចក្រ ស៊ិនគិ នៅខេត្តកំពង់ឆ្នាំង និងរោងចក្រមួយចំនួនទៀត ដែលស្ថិតនៅជុំវិញខេត្តបន្ទាយមានជ័យ ដើម្បីទទួលបានប្រាក់ចំណូលប្រចាំខែបន្តទៀត»។

លើសពីនេះទៀត លោក ស៊ុន មេសា បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតមួយចំនួនទៀត ដែលមិនទាន់សម្រេចចិត្តធ្វើការនៅរោងចក្រផ្សេង ក៏អាចដាក់ពាក្យស្វែងរកការងារថ្មីតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ ដែលបានចុះទៅដល់ទីតាំងក្រុមហ៊ុន ដើម្បីរងចាំជួយសម្របសម្រួលផ្គូផ្គងការងារផ្សេងទៀតទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូន»។

ជាមួយគ្នានេះ ក្រសួងបានរំឭកដល់បងប្អូនកម្មករនិយោជិតអញ្ជើញមកទូទាត់បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ចាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦តទៅ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ នៅក្នុងរោងចក្រ ហាយ-ថេក ក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕











