ព័ត៌មានអន្តរជាតិ

អូស្រ្ដាលី បញ្ជាក់ថា ពន្ធថ្មីរបស់សហរដ្ឋអាមេរិក “គ្មានន័យនោះទេ”

កង់បេរ៉ា៖ លោក Richard Marles ឧបនាយករដ្ឋមន្ត្រីអូស្ត្រាលី បានឲ្យដឹងថា ពន្ធថ្មីប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ ដែលប្រកាសដោយសហរដ្ឋអាមេរិក “គ្មានន័យទេ”។ លោក Marles បានប្រាប់វិទ្យុអូស្ត្រាលី (ABC) នៅថ្ងៃសុក្រថា រដ្ឋាភិបាលសហព័ន្ធមានការខកចិត្ត ចំពោះការសម្រេចចិត្ត របស់រដ្ឋបាលលោក ត្រាំ ក្នុងការដាក់ពន្ធនេះ។

ពន្ធថ្មីនេះនឹងត្រូវបានដាក់ ចាប់ពីថ្ងៃសុក្រតទៅ ក្នុងអត្រា ១០ និង ១២.៥ ភាគរយលើទំនិញនាំចូលពី ៦០ ប្រទេស ដែលត្រូវបានចោទប្រកាន់ ដោយសហរដ្ឋអាមេរិកថា មិនបានបង្ក្រាបកម្លាំងពលកម្មដោយបង្ខំ ដោយជំនួសពន្ធបណ្តោះអាសន្ន ១០ ភាគរយដែលផុតកំណត់។ ការនាំចេញពីប្រទេសអូស្ត្រាលី ទៅកាន់សហរដ្ឋអាមេរិកនឹងត្រូវទទួលរងនូវពន្ធខ្ពស់ជាង ១២.៥ ភាគរយ។

លោកបានលើកឡើងថា “តាមទស្សនៈរបស់យើង នេះពិតជាគ្មានន័យទេ យើងបន្តធ្វើអំណះអំណាងនោះទៅកាន់រដ្ឋបាលលោក ត្រាំ ទាំងទាក់ទងនឹងពាណិជ្ជកម្ម ប៉ុន្តែក៏ទាក់ទងនឹងជំហររបស់យើងទាក់ទងនឹងកម្លាំងពលកម្មដោយបង្ខំផងដែរ”។

លោក Don Farrell រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពន្ធគយទាំងនេះមិនសមហេតុផល មិនស៊ីសង្វាក់គ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអូស្ត្រាលី-សហរដ្ឋអាមេរិក ហើយគួរតែត្រូវបានលុបចោល។

លោកបន្ដថា “វិធានការ របស់អូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខំ និងទាសភាពសម័យទំនើប គឺជាវិធានការដ៏ខ្លាំងក្លាបំផុត មួយនៅក្នុងពិភពលោក ហើយយើងត្រូវបានទទួលស្គាល់ទូទាំងពិភពលោក រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ចំពោះភាពជាអ្នកដឹកនាំរបស់យើង” ។ កាលពីដើមខែកក្កដា ស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងវ៉ាស៊ីនតោន បានដាក់ពាក្យបណ្តឹងជាផ្លូវការ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រឆាំងនឹងសំណើសម្រាប់ពន្ធគយពលកម្មដោយបង្ខំ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top