លោក ប៉ែន បូណា ៖ ១ឆ្នាំមកនេះ ពលរដ្ឋចងចាំមិនភ្លេចយោធាថៃ បំពានកម្ពុជាទាំងកំរោល
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ គឺជាខួបគម្រប់មួយឆ្នាំនៃការចាប់ផ្តើមសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ទាំងបំពានពីសំណាក់កងកម្លាំងយោធាថៃដែលប្រជាពលរដ្ឋខ្មែរចងចាំមិនភ្លេចឡើយ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា គម្រប់មួយឆ្នាំនៃការចាប់ផ្តើមសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ទាំងបំពាន ពីសំណាក់កងកម្លាំងយោធាថៃ គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំមិនភ្លេចអំពីការរំលោភបំពាន មកលើអធិបតេយ្យភាព បូរណភាពទឹកដី រំលោភលើសិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិជៀសផុត ពីការជ្រែតជ្រែកលើលំនៅឋាន ពីការរឹបអូស ឬលួចយកទ្រព្យសម្បត្តិឯកជន ដែលច្បាប់អន្តរជាតិបានហាម។
លោកបន្តថា ជនស៊ីវិលស្លូតត្រង់កម្ពុជា ជាច្រើនបានរងគ្រោះដោយគ្រាប់ផ្លោង និងការទម្លាក់គ្រាប់បែកពីលើអាកាសចូលជ្រៅក្នុងទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ខណៈដែលជនភៀសសឹកជិត ៦៥ម៉ឺននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងដោយបង្ខំ។ រហូតមកទល់ពេលនេះ នៅមានជនភៀសសឹកប្រមាណជា ២ម៉ឺននាក់ទៀត នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញបាននៅឡើយដោយសារតែការរារាំងដោយរបងលួស ទូរកុងតឺន័រ និងបញ្ហាសុវត្ថិភាព។

អ្នកនាំពាក្យបញ្ជាក់ថា “យើងក៏ចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ ដែលបានតស៊ូយ៉ាងស្វិតស្វាញ ក្រាញននៀល បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ។ វីរភាពដ៏អង់អាចក្លាហាននេះ ត្រូវបានចារទុកក្នុងក្រអៅបេះដូង របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដោយគ្មានថ្ងៃអាចបំភ្លេចបានឡើយ” ។
បើតាមលោកប៉ែន បូណា ព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំដែរនោះ គឺកម្លាំងមហាសាមគ្គីជាតិខ្មែរបានផុសឡើងគ្រប់ទិសទី ដើម្បីជ្រោងទង់ជាតិខ្មែរ និងបញ្ចេញសំឡេងយ៉ាងកងរំពងដើម្បីការពារបូរណភាពទឹកដី ប្រឆាំងការឈ្លានពាន និងប្រកាសប្រាប់សហគមន៍អន្តរជាតិអំពីការបំពានយ៉ាងកម្រោលរបស់កងកម្លាំងថៃមកលើបូរណភាពទឹកដីកម្ពុជា៕









