Feature

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

កំពង់ចាម ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារក្នុងស្រុកចំនួន ៣ ៧៨០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ មកផ្តល់ជូនប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និង យុវជនជិត ៥០០នាក់។ វេទិកានេះរៀបចំឡើង ក្នុងគោលបំណងបន្តពង្រីកឱកាសការងារក្នុងស្រុក លើកកម្ពស់ការយល់ដឹង អំពីសន្តិសុខសង្គម និងផ្សព្វផ្សាយ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងសហគ្រាស ក្រុមហ៊ុន និងវិស័យឯកជនជាច្រើនទៀត ។

ក្នុងឱកាសនេះ លោក​ កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ អតីតពលករ និងយុវជនដែលបានចូលរួមវេទិកា ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ» ។ ​លោកបានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងអតីតពលករចំណាកស្រុក ចាប់យកឱកាសការងារក្នុងស្រុក ខណៈបច្ចុប្បន្ន សហគ្រាស ក្រុមហ៊ុន រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេស កំពុងមានតម្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការបម្រើការងារក្នុងស្រុកដោយស្របច្បាប់ មិនត្រឹមតែផ្តល់ប្រាក់ចំណូលប្រកបដោយស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការគាំពារក្រោមរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលរួមចំណែកលើកកម្ពស់សុខុមាលភាព និងធានាសន្តិសុខសង្គមជូនកម្មករនិយោជិត។

ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការធ្វើចំណាកស្រុកដោយខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច ការរំលោភបំពានសិទ្ធិការងារ និងខ្វះការគាំពារ និងការការពារតាមផ្លូវច្បាប់។ ក្នុងករណីមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ប្រជាពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរមានសមត្ថកិច្ចជាមុន។ សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់សេវាផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានអំពីសេវា ប.ស.ស.។

ទន្ទឹមនឹងនេះ លោក​ កត្តា អ៊ន ក៏បានលើកទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឱ្យចូលរួមសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈកម្មវិធី «TVET ១,៥ លាន» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។ កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ព្រមទាំងប្រាក់ឧបត្ថម្ភប្រចាំខែ និងមានមុខជំនាញជាច្រើនស្របតាមតម្រូវការទីផ្សារការងារ រួមទាំងវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនជំនាញ និងពង្រីកឱកាសទទួលបានការងារសមរម្យ។

សូមជម្រាបថា វេទិកាការងារនេះ មានការចូលរួមពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ ដែលបាននាំយកឱកាសការងារក្នុងស្រុកចំនួន ៣ ៧៨០កន្លែង មកផ្តល់ជូនប្រជាពលរដ្ឋ រួមមាន រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត រោងចក្រ ស៊ីអិន លីហ័រ ប៊ែក (ខេមបូឌា) ក្រុមហ៊ុន ថាកូ អាហ្រ្គី​និង ក្រុមហ៊ុន ជាវ លីដា អេហ្គ្រិខលឈ័រ ​វិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI)​។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ សម្រាប់បញ្ជូនពលករទៅបម្រើការងារនៅប្រទេសជប៉ុន រួមមាន ក្រុមហ៊ុន ​អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន ​មីណាមី (ខេមបូឌា) អ៊ិនធើណេសិនណល សឺវីស ឯ.ក​ ដែលបានផ្តល់ព័ត៌មាន សេវាផ្គូផ្គងការងារ និងការប្រឹក្សាយោបល់ដោយផ្ទាល់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកស្វែងរកការងារ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន៕

To Top