ក្នុងវេទិកាអាស៊ាន ប្រមុខការទូតកម្ពុជា បង្ហាញពីក្ដីបារម្ភ ដែលភាគីថៃនៅតែបន្តរារាំងប្រជាពលរដ្ឋកម្ពុជា ជាង២មុឺនាក់ មិនឱ្យវិលត្រឡប់ ទៅកាន់លំនៅឋាន របស់ខ្លួនវិញ
ភ្នំពេញ៖ នៅក្នុងវេទិការអាស៊ាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពីក្ដីបារម្ភ ដែលភាគីថៃនៅតែបន្តរារាំង ប្រជាពលរដ្ឋកម្ពុជា ជាង២មុឺនាក់ មិនឱ្យវិលត្រឡប់ទៅកាន់ លំនៅឋានរបស់ខ្លួនវិញ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បូកបីលើកទី២៧ វេទិកាតំបន់អាស៊ានលើកទី៣៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានថ្លែងអរគុណដល់ការយកចិត្តទុកដាក់ ក្តីកង្វល់ ការគាំទ្រ និងការរួមចំណែករបស់ប្រទេសសមាជិក ARF ចំពោះការដោះស្រាយជម្លោះប្រកបដោយ សន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ ។


ប្រមុខការទូតកម្ពុជា បានសង្កត់ធ្ងន់ថា ជម្លោះព្រំដែន រវាងកម្ពុជានិងថៃ មិនមែនគ្រាន់តែជាបញ្ហា នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ។ បញ្ហានេះពាក់ព័ន្ធ ដោយផ្ទាល់ដល់អាស៊ាន និងសហគមន៍អន្តរជាតិទាំងមូល ពីព្រោះវាប៉ះពាល់ដល់ គោលការណ៍ជាមូលដ្ឋាន ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលរួមមាន៖ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការមិនគំរាម កំហែងឬប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទប្រកបដោយសន្តិវិធី។

ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា ទោះបីបទឈប់បាញ់ នៅជាធរមានក៏ដោយ ស្ថានភាពជាក់ស្តែង នៅទីតាំងផ្ទាល់នៅតែជាក្ដីបារម្ភ ។ វិធានការរារាំងនៅជុំវិញភូមិ ដែលកំពុងស្ថិតក្រោមការកាន់កាប់ នៅតែបន្តរារាំងប្រជាពលរដ្ឋកម្ពុជា ជាង២០.០០០នាក់ មិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងដោយគ្មានការរារាំង ស្របតាមការឯកភាពគ្នា រវាងភាគីទាំងពីរ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវ ឱ្យមានការអនុវត្តដោយពេញលេញ និងប្រកបដោយ ប្រសិទ្ធភាព នៃសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕









