Feature

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និងចំណូល​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី

ស្វាយរៀង៖ ពលរដ្ឋ និងយុ​វជនមក​ពីគ្រួសារក្រីក្រ​​ជិត ៤ពាន់នាក់ មាន​ជំនាញ មានការងារធ្វើ​បន្ទាប់ពីទទួល​បានការប​ណ្ដុះ​បណ្ដាល​ជំនាញ​ដោយ​ឥត​គិតថ្លៃពីវិទ្យាស្ថា​នពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បើតាមវិទ្យាស្ថាន គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ មានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូ​ទៅសរុប ៣,៦០៣​នាក់ ដែល​ទទួលបាន​អាហារូបករណ៍ ១.៥លានរបស់សម្ដេចធិបតី។ ក្នុងនោះមានក្រុមដែលពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥៤៩នាក់។

ក្នុង​ខែសីហានេះ វិ​ទ្យា​ស្ថាន​គ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលចំនួន ៧ បន្ថែមទៀតដែលផ្ដោតលើជំនាញសំខាន់ៗដូចជា ការដំឡើង​បណ្តញ​អគ្គិស​នី​ក្នុង​អគារ, សេវា​កម្មកុំ​ព្យូទ័រ, សេវា​កម្មស​ម្អា​ងកាយ, សេវាក​ម្មកា​ត់សក់បុរស, សេ​វាកម្មបរិ​ក្ខារត្រជាក់​ក្នុង​គេហដ្ឋាន, ការ​កែ​ច្នៃ និង​បន្លែ​ផ្លែ​ឈើ, ការ​ដំឡើង និង​តបណ្ដាញ Network។

បន្ថែមពីលើនេះវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពី​ថ្ងៃជូន​ដំណឹង​នេះ​តទៅ ដោយអាចទាក់​ទងសាកសួ​រព័ត៌មា​នបន្ថែម​តាម​រយៈទូ​រ​ស​ព្ទ​លេខ ០៨៩ ៤៣៦ ៦៩៣/ ០១០ ៥៤៧ ៧៧៨/ ០៨៨ ៦១៣ ២១២៣ ឬអញ្ជើញមកវិទ្យាស្ថានពហុបច្ចេ​កទេសភូមិភាគតេជោសែ​នស្វាយរៀង ដែលមា​នទីតាំងស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វា​យរៀង ក្រុងស្វាយ​រៀង ខេត្ត​ស្វា​យរៀង។

គួររម្លឹកថា ការអប់រំប​ណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេ​កទេស ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយរង​ហា​និភ័​យ​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ប្រមា​ណ ១,៥លាននាក់ ក្នុងកម្រិ​តសញ្ញាប​ត្របច្ចេកទេ​ស និងវិជ្ជា​ជីវៈ ត្រូវបា​នផ្ដួចផ្ដើមឡើ​ងដោយសម្តេចអ​គ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ក្នុង​ឆ្នាំ២០២៣ និងប្រកាសដា​ក់ឱ្យអនុវត្តដោយសម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕

To Top