Feature

ក្រសួងការងារ បង្ហាញវឌ្ឍនភាព និងប្រមូលធាតុ ចូលបន្ថែមពីភាគីនិយោជក សម្រាប់សេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាព និងសុខភាពការងារ

ភ្នំពេញ៖លោក​ លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវេទិកាពិភាក្សាស្តីពី «វឌ្ឍនភាព និងបច្ចុប្បន្នភាព នៃដំណើរការកសាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ» នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ Olympia City ដើម្បីចែករំលែកវឌ្ឍនភាព នៃការរៀបចំសេចក្ដីព្រាងច្បាប់ ព្រមទាំងពិភាក្សា និងប្រមូលធាតុចូលបន្ថែម ពីភាគីនិយោជក ដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការវិវត្ត នៃស្ថានភាពសេដ្ឋកិច្ច សង្គម និងទីផ្សារការងាររបស់កម្ពុជា។

ថ្លែងក្នុងវេទិកាដែលរៀបចំដោយសហព័ន្ធនិយោជក និង សមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដោយមានការចូលរួមពីតំណាង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) និងសមាជិក CAMFEBA សរុបជាង ៥០នាក់ លោកអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការរៀបចំសេចក្ដីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសកម្ពុជា ដោយសារសុវត្ថិភាព និងសុខភាពការងារ ត្រូវបានទទួលស្គាល់ជាគោលការណ៍ និងសិទ្ធិជាមូលដ្ឋាននៅកន្លែងធ្វើការ ស្របតាមអនុសញ្ញាលេខ ១៥៥ និងអនុសញ្ញាលេខ ១៨៧ របស់អង្គការ ILO ដែលជាអនុសញ្ញាស្នូល ហើយរដ្ឋជាសមាជិកមានកាតព្វកិច្ចគោរព លើកកម្ពស់ និងអនុវត្តគោលការណ៍ដែលមានចែងក្នុងអនុសញ្ញាទាំងនេះ។

លោកមានប្រសាសន៍បន្ថែមថា សេចក្ដីព្រាងច្បាប់នេះ មានកំណត់ពីប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ សំដៅធានាឱ្យមានបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងសុខភាពល្អ លើកកម្ពស់ផលិតភាពការងារ ពង្រឹងការប្រកួតប្រជែងរបស់សហគ្រាស និងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

នាឱកាសនោះ លោកក៏បានកោតសរសើរចំពោះ CAMFEBA ដែលបានរៀបចំវេទិកានេះ និងបានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមផ្ដល់មតិយោបល់ និង ធាតុចូលប្រកបដោយការស្ថាបនា ស្របតាមគោលការណ៍ពិគ្រោះយោបល់ត្រីភាគី ដើម្បីឱ្យសេចក្ដីព្រាងច្បាប់នេះ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់កន្លែងធ្វើការ និងស្របតាមស្តង់ដាអន្តរជាតិ។

លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា វេទិកានេះនឹងមិនត្រឹមតែផ្ដល់ធាតុចូលដ៏មានតម្លៃសម្រាប់ការកសាងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់វប្បធម៌បង្ការ ការអនុលោមតាមច្បាប់ និងការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅតាមកន្លែងធ្វើការ ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព ដើម្បីជាប្រយោជន៍រួមរបស់បងប្អូនកម្មករនិយោជិត និយោជក និងសង្គមជាតិទាំងមូលផងដែរ៕

To Top