ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កំពុងស្ថិតក្រោមសម្ពាធ ក្នុងពេលដែលក្រុមបាតុករ ជំនាន់ Gen-Z សង្កត់ធ្ងន់ឱ្យរដ្ឋមន្ត្រី ក្រសួងអប់រំលាឈប់ ពីតំណែង

បេទេស៖ រដ្ឋាភិបាលឥណ្ឌាត្រូវគេរំពឹងថា នឹងចាប់ផ្តើមជុំពិភាក្សាថ្មីមួយនៅថ្ងៃសៅរ៍នេះ ជាមួយមេដឹកនាំក្រុមបាតុករជំនាន់ Gen-Z ដែលបានបង្កការរំខាននៅក្នុងរាជធានីក្នុងសប្តាហ៍នេះ ខណៈដែលក្រុមបាតុករបានសង្កត់ធ្ងន់លើតម្រូវការឱ្យរដ្ឋមន្ត្រីក្រសួងអប់រំលាឈប់ពីតំណែង។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ថា បាតុកម្មទាំងនេះតំណាងឱ្យការប្រឈមមុខ ធំបំផុតពីសំណាក់យុវជនប្រឆាំងនឹងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ ២០១៤ ហើយតម្រូវការរបស់ពួកគេត្រូវបានគាំទ្រ ដោយគណបក្សប្រឆាំង គួបផ្សំនឹងការរំខានដល់សម័យប្រជុំសភា ប្រចាំរដូវភ្លៀងធ្លាក់ដែលបានចាប់ផ្តើមក្នុងសប្តាហ៍នេះផងដែរ។ឆ

អ្នកគាំទ្ររាប់ពាន់នាក់នៃគណបក្ស Cockroach Janata Party (CJP) បានជួបជុំគ្នានៅកណ្តាលក្រុងដេលី ទោះបីជាស្ថានីយរថភ្លើងក្រោមដីចំនួន ១៨ នៅក្នុងទីក្រុងត្រូវបានបិទជិតជាថ្ងៃទីបួនក៏ដោយ ខណៈដែលអាជ្ញាធរបានព្យាយាមកម្រិតការចូលទៅកាន់ទីតាំងបាតុកម្ម។

លោក Ashutosh Ranka អ្នកនាំពាក្យជាតិរបស់គណបក្ស បាននិយាយថា៖ «ពួកគេបានផ្តល់ពេលវេលាឱ្យយើងនៅចន្លោះម៉ោង ៣:៣០ នាទី ដល់ម៉ោង ៤ ល្ងាច ថ្ងៃនេះ»។

លោកបានបន្ថែមថា៖ «យើងត្រូវការភាពច្បាស់លាស់លើអនាគតរបស់លោក Dharmendra Pradhan» ដោយលោកបានសម្តៅទៅលើរដ្ឋមន្ត្រីក្រសួងអប់រំ ដែលក្រុមនិស្សិតចង់ឱ្យទទួលខុសត្រូវចំពោះកំហុសឆ្គងនៅក្នុងប្រព័ន្ធប្រឡង។
ប្រែសម្រួលៈ ណៃ តុលា

To Top