Feature

«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នាំឱកាសការងារជាង ៣ ៨៣០កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅស្រុកកំពង់សៀម

កំពង់ចាម៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៣ ៨៣០កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជាង ៥០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តនគរបាជ័យ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នៅក្នុងវេទិកាក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» លោក កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្នឱកាសការងារនៅក្នុងស្រុកគឺពិតជាសម្បូរបែបណាស់ ដែលនៅទូទាំងប្រទេសមានជាង ៩ម៉ឺនកន្លែង។ នាពេលនេះ ក្រសួងបាននាំយកឱកាសការងារជាង ៣ ៨៣០កន្លែងនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ មកផ្សព្វផ្សាយដល់មូលដ្ឋានដើម្បីបងប្អូនអាចចុះឈ្មោះ សម្ភាសផ្ទាល់ និងទទួលបានការងារធ្វើភ្លាមៗគ្រប់ៗគ្នា។ ការផ្តល់ជូនឱកាសការងារនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដោះស្រាយមួយយ៉ាងធំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ដើម្បីបងប្អូនទទួលបានប្រាក់ចំណូលលើកកម្ពស់ជីវភាពគ្រួសារ ជាពិសេសអតីតពលករ។

លោករដ្ឋលេខាធិការបានបន្តថា ការងារក្នុងស្រុកនៅតាមសហគ្រាសក្រុមហ៊ុន និងរោងចក្រ ដ៏សំខាន់ទាំងនេះ ក៏ជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់ និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រៅពីប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ រួមមាន៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន ដូចមន្រ្តីរាជការដែរ ។ ចំពោះស្ត្រីមានផ្ទៃពោះ ទទួលបានការពិនិត្យផ្ទៃពោះ សុខភាព និងប្រាក់ឧបត្ថម្ភរហូតកូនអាយុក្រោម ២ ឆ្នាំ ។ ផ្ទុយទៅវិញ ការងារចំណាកស្រុក នៅប្រទេសថៃ គឺប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។

ទន្ទឹមនេះ បងប្អូនដែលមានជំនាញ ស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្ត ទទួលស្គាល់ជំនាញពីមុន(RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ ។ លើសពីនេះ អតីតពលករ និងយុវជនក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមផ្ទាល់ ឬតាមរថយន្តចល័តដល់មូលដ្ឋាន តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម ។ ពេលបញ្ចប់ការសិក្សា បងប្អូនអាចយកជំនាញ ទាំងនេះបង្កើតមុខរបរដោយខ្លួនឯងបានផងដែរ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺ «ប្រជាពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ។

នាឱកាសនោះ លោកក៏បានលើកទឹកចិត្តឱ្យបងប្អូន ជួយបន្តផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។

សូមបញ្ជាក់ថា វេទិកាការងារនេះ មានការចូលរួមដោយផ្ទាល់ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ ដូចជា៖ រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, រោងចក្រ ស៊ីអិន លីហ័រ ប៊ែក (ខេមបូឌា), រោងចក្រជី យី ស៊ីង អៅជរ (ខេមបូឌា)ឯ.ក,ក្រុមមហ៊ុន ថាកូ អាហ្រ្គី និងវិទ្យាស្ថានបណ្តុះ បណ្តាលកាត់ដេរកម្ពុជា (CGTI)។ លើសពីនេះ ក៏មានក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ សម្រាប់បញ្ជូនពលករទៅបម្រើការងារនៅប្រទេសជប៉ុន រួមមាន ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៊ិនធើណេសិនណល សឺវីស ឯ.ក ៕

To Top