Feature

រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអាជ្ញាធរ ពង្រឹងសន្តិសុខមូលដ្ឋាន និងជំរុញការប្រើប្រាស់សេវាសាធារណៈឌីជីថល

ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងសន្តិសុខ មូលដ្ឋានបង្ក្រាបបទល្មើសផ្សេងៗ និងជំរុញការប្រើប្រាស់សេវាសាធារណៈឌីជីថល។

ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្តថ្នល់ជ័យ ស្ថិតក្នុងភូមិថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ផ្តាំផ្ញើ ដល់អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ច ឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយសំណូមពរប្រជាពលរដ្ឋ ជួយសង្គ្រោះគ្រោះមហន្តរាយ មើលថែសុខទុក្ខគ្រួសារកងទ័ពនៅព្រំដែន ពង្រឹងសន្តិសុខមូលដ្ឋានបង្ក្រាបបទល្មើសផ្សេងៗ និងជំរុញការប្រើប្រាស់សេវាសាធារណៈឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តជំរុញឱ្យរួមគ្នាថែរក្សាសមិទ្ធផលនានាក្នុងវត្ត រក្សាសាមគ្គីភាព និងអនាម័យបរិស្ថាន ព្រមទាំងស្នើឱ្យមាតាបិតា និងលោកគ្រូអ្នកគ្រូ យកចិត្តទុកដាក់អប់រំបណ្តុះបណ្តាលកូនចៅ និងសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងអបាយមុខ។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍គូសបញ្ជាក់ថា វិស័យសាសនា ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព៕

To Top