ព័ត៌មានអន្តរជាតិ

​ គណៈរដ្ឋមន្ត្រី អ៊ីស្រាអែល​ អនុម័តការបញ្ចូលកម្លាំង ស្ថិរភាពអន្តរជាតិ​ ចូលទៅក្នុងតំបន់ហ្គាហ្សា

យេរូសាឡឹម៖​ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឧ្យដឹងថា​ គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល​ បានអនុម័តការបញ្ចូលកម្លាំងស្ថិរភាពអន្តរជាតិ (ISF) ចូលទៅក្នុងតំបន់ហ្គាហ្សា ទោះបីជាមានការជំទាស់ ពីរដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben-Gvir ក៏ដោយ។

លោក Ben-Gvir បានអះអាងថា ក្រុមហាម៉ាស់​ បានបរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលធ្វើឱ្យអ៊ីស្រាអែល​ មិនមានកាតព្វកិច្ចបន្តទៅមុខទៀត នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍​ Kan TV News ដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែល។

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់បានឧ្យដឹងថា យោធានឹងបន្តកាន់កាប់តំបន់​ ដែលសម្គាល់ “ខ្សែលឿង” ក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល​ នៅក្នុងតំបន់ហ្គាហ្សា ហើយនឹងមិនដកថយទេ លុះត្រាតែក្រុមហាម៉ាស់ដកហូតអាវុធ។

មន្ត្រីរូបនេះបានបន្ថែមថា ក្រុម ISF នឹងទទួលបានអភ័យឯកសិទ្ធិស្របច្បាប់ ក្រោមច្បាប់អ៊ីស្រាអែល និងធ្វើប្រតិបត្តិការសម្របសម្រួល ជាមួយយោធាអ៊ីស្រាអែល​ នៅខាងក្រៅតំបន់គ្រប់គ្រងរបស់ខ្លួន។

គណៈរដ្ឋមន្ត្រីសន្តិសុខក៏បានសម្រេចចិត្តផងដែរថា មានតែប្រទេសដែលរក្សាទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល និងមិនធ្វើសកម្មភាពប្រឆាំងនឹងខ្លួននៅក្នុងវេទិកាអន្តរជាតិប៉ុណ្ណោះដែលអាចចូលរួមក្នុងក្រុម ISF៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top