ប្រែក្លាយការឈឺចាប់ជាកម្លាំង! វ័ន ម៉រគ្រុប ប្រកាសសម្ពោធផលិតផលថ្មី គ្រឿងទេសវ័នម៉រ ៩មុខ ដើម្បីពង្រឹងឯករាជ្យភាពផលិតផលក្នុងស្រុក មិនពឹងផ្អែកលើបរទេស
ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ម៉រគ្រុប យកថ្ងៃព្រឹត្តិការណ៍ឈឺចាប់ គម្រប់មួយឆ្នាំ [២៤- ២៨ ខែកក្កដា] ថៃឈ្លានពានខ្មែរ សម្ពោធ គ្រឿងទេសវ័នម៉រ៩មុខ របស់គ្រួសារវ័នម៉រគ្រុប ។

ពិធីខាងលើនេះ បានធ្វើឡើង នាថ្ងៃទី ២៥ខែកក្កដា ឆ្នាំ២០២៦នេះ គឺក្រោយមួយថ្ងៃ ដែលយោធាហ្វាស៊ីសថៃ លើកទ័ពចូលឈ្លានពាន មកលើបូរណភាពទឹកដីខ្មែរ វេលាម៉ោង ជាង៧ព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំមុន ដោយចាប់ផ្តើមពីទិសប្រាសាទតាមាន់ធំ ខ្នងភ្នំដងរែក ក្នុងខេត្តព្រះវិហារ។

លោកស្រី ជឹង សុគន្ធាវី នាយិកា ប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប បានថ្លែងថា ការដែលយើង សម្រេចយកថ្ងៃនេះ ប្រារព្ធនូវសមិទ្ធិផលថ្មីរបស់យើង គឺចង់បញ្ជាក់ពីការឈឹចាប់ និងចងចាំមិនភ្លេចនូវព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃការរំលោភបំពាន ដែនអធិបតេយ្យភាព ពីភាគីថៃ មកលើទឹកដីនៃដែនអធិបតេយ្យភាព របស់ប្រទេសកម្ពុជាយើង។ លោកជំទាវ រំលេចឡើងវិញថា គ្រានោះភាគីថៃក៏បានសម្រេចផ្អាក និងបិទព្រំដែនជាឯកតោភាគី និងបានប្រមាថ មើលងាយខ្មែរយើង ដោយឌឺដងថា មិនយូរមិនឆាប់ ខ្មែរនឹងដាច់ពោះស្លាប់ ព្រោះគេបានផ្អាកនាំចូលផលិតផលគេមកកាន់ប្រទេសយើង។

ក្នុងនាមជាប្រជាជនខ្មែរមួយរូប លោកស្រី ជឹង សុគន្ធាវី បានបង្ហាញក្ដីឈឺចាប់បំផុត ហើយគឺនៅពេលនោះ លោកស្រីផ្ទាល់និងស្វាមី គឺលោក ឡាវ វ៉ាន់ បានប្ដេជ្ញាថា នឹងចាប់ផ្ដើមពង្រីកអាជីវកម្ម និងពាណិជ្ជកម្ម របស់គ្រួសារវ័នម៉រ ដោយបង្កើតនូវម៉ាកសញ្ញាគ្រឿងទេសមួយ ដែលមានគុណភាព និងរសជាតិឆ្ងាញ់ បំពេញតម្រូវការទីផ្សារក្នុងប្រទេសយើង ដោយលែងពឹងផ្អែក លើដង្ហើមប្រទេសជិតខាងទៀតហើយ។ មែនទែនទៅ យើងបានបង្វែរ ការម៉ាក់ងាយ និងការឈឺចាប់នេះ មកក្លាយជាការខិតខំប្រឹងប្រែងបន្ថែមវិញ ដោយបានស្វះស្វែងពង្រឹង និងពង្រីកច្រវ៉ាក់ផលិតកម្មរបស់យើងជាហូរហែរ រហូតសម្រេចសិទ្ធិផលនាថ្ងៃនេះ ។

យ៉ាងណា បើតាមលោកស្រី ជឹង សុគន្ធាវី កម្មវិធីថ្ងៃនេះ មិនត្រឹមតែជាការជួបជុំធម្មតាទេ តែវាជាវេទិកាសំខាន់ សម្រាប់យើងទាំងអស់គ្នា ក្នុងការចែករំលែកពីវឌ្ឍនភាព និងសមិទ្ធផលជាទីមោទនៈថ្មី របស់ក្រុមគ្រួសារ វ័ន ម៉រ របស់ យើងក្នុងដំណើរត្រឹមពាក់ កណ្ដាល ឆ្នាំ២០២៦ នេះ។

ជាការពិតណាស់ក្នុងកាលៈទេសៈបច្ចុប្បន្ន បានបង្កើតជាឱកាសថ្មីមួយសម្រាប់ផលិតផលក្នុងស្រុករបស់យើង ដើម្បីចាប់យកចំណែកទីផ្សារនូវផលិតផល ពីដៃគូប្រកួតប្រជែងផងដែរ ។ ជាក់ស្តែង ប្រជាជនយើងមានទំនោរ ងាកមកគាំទ្រផលិតផលជាតិ ដើម្បីបង្ហាញពីកម្លាំងសហគមន៍ និងអត្តសញ្ញាណជាតិ។ ក្នុងចំណោមផលិតផលខ្មែរទាំងនោះ គ្រឿងទេសវ័នម៉រ ជាផលិតផលជាតិ ដែលទទួលបានការគាំទ្រ និងកោតសរសើរ ព្រោះ គ្រឿងទេសវ័នម៉រ មានគុណភាពល្អស្រាប់ អាចជំនួសបានយ៉ាងប្រសើរ ដែលអ្នកប្រើប្រាស់អាចជឿទុកចិត្តបាន។

គ្រឿងទេសវ័នម៉រ ជាផលិតផលគ្រឿងទេសសម្បូរបែប ទាំងប្រភេទ ទឹកជ្រលក់ គ្រឿងបន្ថែមរសជាតិម្ហូប គ្រឿងទេស តិណទេស ។ល។ ជាអត្តសញ្ញាណបង្កើនឡើងស្របទៅនឹងឈ្មោះ ក្រុមហ៊ុនមេ របស់យើង ដែលមានន័យប្រដូចទៅនឹងភាសាអង់គ្លេស WANT MORE មានន័យថា បានប្រើហើយ ចង់ប្រើទៀត ដោយយើងផ្ដោតសំខាន់លើរសនិយមរបស់ប្រជាជននៃយើង ជាមួយនឹងគុណភាពខ្ពស់ ប្រកបដោយអនាម័យជាចម្បង និងធ្វើឡើងដោយផ្ទាល់ រូបមន្តស្នាដៃរបស់ខ្មែរយើង ទាំងការផលិត និងការវេចខ្ចប់ នៅរោងចក្រខ្មែរផ្ទាល់ ។

បន្ថែមពីភាគជោគជ័យកាលពីខែមីនា កន្លងមក ថ្ងៃនេះយើងបានសម្រេចនូវ ផលិតផលថ្មីបន្ថែម គ្រឿងទេស វ័នម៉រ ៩មុខរួមមាន៖ ទឹកស៊ីអីវ ទឹកត្រី ទឹកសៀង ទឹកប៉េងប៉ោះ ទឹកខ្មេះ ស្ដេចស៊ុបមាន់ ម្សៅប្រហុក សៀងផ្អែម និងប្រេងឆា។
ទន្ទឹមនឹងនេះ យើងមិនអាចមើលរំលងពីកត្តាប្រឈមរបស់ គ្រឿងទេសវ័នម៉រ ដែលជាផលិតផលថ្មីរបស់យើង ដែលទាមទារឱ្យយើង យកចិត្តទុកដាក់ឱ្យបានខ្ពស់នៅក្នុងទីផ្សារ ។ ការប្រឈមទាំងនេះ គឺអាចដោះស្រាយបានដោយការចួលរួមជុំគ្នា ក្នុងកំណែទម្រង់ផែនការ យុទ្ធសាស្រ្តទីផ្សារនានា ដើម្បីបន្តពង្រឹងអត្តសញ្ញាណម៉ាកសញ្ញា និងថែរក្សាទំនុកចិត្ត អតិថិជន ដើម្បីឈានទៅដល់ចំណុច ដែលក្រុមហ៊ុនយើងចង់បាន។ នេះជាមោទនភាពដែលមានអ្នកគ្រប់គ្នា ជាចំណែកនៃភាពជោគ ជ័យ រាល់សមិទ្ធផលសាងរួមគ្នាកន្លងមកនេះ ។

លោកស្រីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្តីស្មោះត្រង់ និងចិត្តព្យាយាម របស់គ្រួសាររបស់យើងទាំងអស់ ក្នុងឆ្នាំកន្លងមក។ អ្វីដែលយើងសម្រេចបាននៅពេលនេះមិនមែនដោយចៃដន្យទេ ប៉ុន្តែដោយសារតែចិត្តឧស្សាហ៍ និងការតស៊ូរបស់អ្នកទាំងអស់គ្នា។ ដូច្នេះ សូមបន្តរក្សាស្មារតីរួបរួមជាធ្លុងមួយ ខិតខំបន្តប្រឹងប្រែងបំពេញការងាររៀងៗខ្លួន និងចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិផលថ្មីថ្ងៃនេះជូនបងប្អូន ញាតិមិត្តផងដែរ ៕

































