ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបានធ្លាក់ចុះ ១% ថែមទៀត ខណៈដែលភាគីទីផ្សារបន្តថ្លឹងថ្លែង លើការផ្អាកការវាយប្រហារ របស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះ ១% នៅថ្ងៃអង្គារនេះ ខណៈដែលភាគីទីផ្សារបន្តថ្លឹងថ្លែង លើការផ្អាកការវាយប្រហារ របស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ដែលបានបង្កើនក្តីសង្ឃឹមនៃដំណោះស្រាយការទូតចំពោះជម្លោះរបស់ពួកគេ និងការធ្វើឱ្យលំហូរថាមពលនៅមជ្ឈិមបូព៌ាមានលក្ខណៈធម្មតាវិញ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ ០.៥៤ ដុល្លារ ឬ ០.៦% មកនៅត្រឹម ៨៧.៨២ ដុល្លារ , ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិក មានតម្លៃ ៨១.៩៥ ដុល្លារក្នុងមួយបារ៉ែល) ដោយបានធ្លាក់ចុះ ០.៦៦ ដុល្លារ ឬ ០.៨%។

ប្រេងទាំងពីរបានធ្លាក់ចុះ ១% កាលពីដើមវគ្គជួញដូរ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាងមួយសប្តាហ៍។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងមាន «ការចរចាដ៏ល្អ» ជាមួយអ៊ីរ៉ង់ និងថា មានឱកាសសម្រាប់ដំណោះស្រាយ។ ទោះជាយ៉ាងណាក៏ដោយ លោកបានមានប្រសាសន៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកនឹងចាប់ផ្តើមឡើងវិញប្រសិនបើការចរចាបរាជ័យ ខណៈដែលប្រទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរអំពីការសងសឹក។

លោក Τony Sycamore អ្នកវិភាគ IG បានសរសេរក្នុងកំណត់ត្រាអតិថិជនថា៖ «សម្រាប់ពេលនេះ ការធូរស្រាលដែលថាផ្លូវចេញមួយត្រូវបានរកឃើញ បានធ្វើឱ្យកម្តៅតម្លៃធ្លាក់ចុះ និងបន្ធូរបន្ថយការព្រួយបារម្ភជុំវិញការវាយប្រហាររបស់ក្រុមហ៊ូទីលើហេដ្ឋារចនាសម្ព័ន្ធអារ៉ាប៊ីសាអូឌីត។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៅតែមានភាពមិនប្រាកដប្រជាខ្ពស់»។
ប្រែសម្រួលៈ ណៃ តុលា

To Top