លោក ត្រាំ ប្រហែលជាត្រូវអនុញ្ញាត ឱ្យនាំចូលសារធាតុរ៉ែ ពីប្រទេសចិនបន្តទៀត ខណៈដែលឧស្សាហកម្មរបស់អាមេរិក កំពុងជួបការលំបាកក្នុង ការបំពេញតាមកាលកំណត់ពឹងខ្លួនឯងនៅឆ្នាំ ២០២៧
បរទេស៖ ការជំរុញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់ការពឹងផ្អែករបស់រដ្ឋធានីវ៉ាស៊ីនតោនទៅលើសារធាតុរ៉ែសំខាន់ៗរបស់ប្រទេសចិនត្រឹមខែមករា កំពុងប៉ះទង្គិចគ្នាជាមួយនឹងការពិតដ៏ក្រៀមក្រំមួយគឺ៖ ម្ចាស់អណ្តូងរ៉ែ និងអ្នកកែច្នៃរបស់អាមេរិកមិនទាន់រួចរាល់ទេ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ថា លោក ត្រាំ បានកំណត់ការធ្វើរ៉ែ និងការកែច្នៃសារធាតុរ៉ែសំខាន់ៗនៅសហរដ្ឋអាមេរិក ជាអាទិភាពសន្តិសុខជាតិ ចាប់តាំងពីលោកបានវិលត្រឡប់មកកាន់តំណែងវិញ ដោយបានទម្លាក់ទឹកប្រាក់រាប់ពាន់លានដុល្លារទៅក្នុងក្រុមហ៊ុនរ៉ែជិត ១៥០ ដើម្បីបន្ធូរបន្ថយការក្តាប់របស់ប្រទេសចិនលើខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់អាវុធ និងផលិតផលយុទ្ធសាស្ត្រដទៃទៀត។
ឧស្សាហកម្មការពារជាតិ និងក្រុមហ៊ុនផលិតផ្សេងទៀតឥឡូវនេះ នៅសល់ពេលត្រឹមតែជាងប្រាំខែទៀតប៉ុណ្ណោះ មុនពេលដល់កំណត់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ ក្រោមបទប្បញ្ញត្តិសហព័ន្ធ ដើម្បីបញ្ឈប់ការទិញធាតុកម្រ (rare earths) មេដែក, តុងស្ដែន (tungsten) ម៉ូលីបដិន (molybdenum) និងតាន់តាឡូម (tantalum) ពីប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ ឬកូរ៉េខាងជើង។
រដ្ឋធានីវ៉ាស៊ីនតោនបានព្យាយាមកំណត់ការនាំចូលបែបនេះជាច្រើនឆ្នាំមកហើយ ប៉ុន្តែតែងតែផ្តល់ការលើកលែង ដល់ក្រុមហ៊ុនជាប្រចាំ ដោយសារតែការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក គឺមិនអាចបំពេញតាមតម្រូវការបាន។
លោក ត្រាំ បានប្រឆាំងនឹងការលើកលែងបែបនេះនៅក្នុងការបង្ហោះកាលពីថ្ងៃទី ១០ ខែឧសភា នៅលើវេទិកាសង្គម Truth Social របស់លោក ដោយបាននិយាយថា៖ «ស្ថាប័នសហព័ន្ធទាំងអស់ត្រូវតែទិញផលិតផលអាមេរិក គ្មានលេសអ្វីទាំងអស់!» ។ កាលពីថ្ងៃចន្ទមុន លោកបានចុហហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលធ្វើឱ្យវាកាន់តែលំបាកសម្រាប់អ្នកម៉ៅការផ្នែកការពារជាតិក្នុងការទទួលបានការលើកលែង៕
ប្រែសម្រួលៈ ណៃ តុលា









