ប្រសិនបើកិច្ចចរចាបរាជ័យ អាមេរិក នឹងវាយប្រហារអ៊ីរ៉ង់ កាន់តែខ្លាំង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានសម្រេចចិត្តផ្អាក ការវាយប្រហារ របស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ ដើម្បីផ្តល់ឱកាសឱ្យការចរចាម្តងទៀត ខណៈពេលដែលព្រមានថា លោកអាចបញ្ជាឱ្យចាប់ផ្តើមការវាយប្រហារឡើងវិញ ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់បរាជ័យ។

លោក ត្រាំ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានអនឡាញអាមេរិក Axios ថា “យើងកំពុងចរចា យ៉ាងស៊ីជម្រៅ ជាមួយអ៊ីរ៉ង់។ ប្រសិនបើពួកគេមិនដំណើរការទេ យើងនឹងត្រលប់ទៅរកសកម្មភាព យោធាដ៏ខ្លាំងក្លាវិញ”។ នៅពេលសួរថាតើលោកមានឆន្ទៈផ្តល់ការទូតរយៈពេលប៉ុន្មាន លោកបានលើកឡើងថា “មិនមានពេលច្រើនទេ។ ទាំងវាដំណើរការលឿន ឬមិនដំណើរការទាល់តែសោះ”។
លោក ត្រាំ បានបន្ដថា លោកបានសម្រេចចិត្តផ្អាកការវាយប្រហារនៅថ្ងៃសុក្រ ពីព្រោះប្រទេសដែលកំពុងសម្របសម្រួល ក៏ដូចជាប្រទេសដទៃទៀតនៅក្នុងតំបន់ បានស្នើសុំឱ្យលោកផ្តល់ឱកាសឱ្យការចរចាជាមួយអ៊ីរ៉ង់ម្តងទៀត។ ក្រោយមក ប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មានថា អ៊ីរ៉ង់ បានស្វែងរកការចរចា លុះត្រាតែយោធារបស់ខ្លួន ត្រូវបានវាយប្រហារដោយយោធាអាមេរិក។
លោក ត្រាំ បានឲ្យដឹងនៅលើយន្តហោះ Air Force One ក្នុងដំណើរទៅកាន់ព្រឹត្តិការណ៍មួយនៅរដ្ឋ Michigan ថា “ខ្ញុំគិតថាមានឱកាសល្អ ដែលអ្វីមួយអាចកើតឡើង ហើយប្រសិនបើវាកើតឡើងមែន ល្អហើយ ប្រសិនបើវាមិនកើតឡើងទេ យើងនឹងត្រលប់ទៅធ្វើអ្វីដែលយើងធ្លាប់ធ្វើពីមុន»។ លោក បន្ថែមថា រដ្ឋបាលរបស់លោក និងរដ្ឋាភិបាលអ៊ីស្រាអែល «ជិតដល់ចំណុចមួយ» ដែលត្រូវយល់ស្របគ្នាទាក់ទងនឹងអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា









