ទូតកម្ពុជា-មន្ទីរពេទ្យ Catholic Kwandong នឹងរៀបចំពិនិត្យសុខភាព ឥតគិតថ្លៃ ដល់ពលករខ្មែរនៅកូរ៉េ
ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយលោកវេជ្ជបណ្ឌិត Dong-Hyung Go ប្រធានមន្ទីរពេទ្យ Catholic Kwandong University Int’l St. Mary’s Hospital នៅទីក្រុងអ៊ីនឆន់ សាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យសុខភាព ជូនពលករខ្មែរធ្វើការនៅកូរ៉េ ។

ការសហការគ្នានេះធ្វើឡើង ក្នុងជំនួបរវាងលោកទូត និងប្រធានមន្ទីរពេទ្យ Catholic Kwandong ។
ក្នុងឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពក្នុងការស្នើសុំ និងអនុវត្តគម្រោងជំនួយ អភិវឌ្ឍន៍ផ្លូវការ ODA របស់រដ្ឋាភិបាលកូរ៉េ ដើម្បីពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ឫវគ្គបណ្តុះបណ្តាល ជំនាញឈាន មុខផ្នែកសុខាភិបាលតាមស្តង់ដារកូរ៉េ និងគម្រោងស្រាវជ្រាវ ផ្នែកវេជ្ជសាស្ត្ររួម គ្នាកម្ពុជា-កូរ៉េ ជាដើម។

បន្ថែមពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹង ចំណងសហប្រតិបត្តិការរវាងស្ថានទូត និងមន្ទីរពេទ្យ Catholic Kwandong University Int’l St. Mary’s Hospital ដោយសហការរៀបចំកម្មវិធីពិនិត្យសុខភាព ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងសហគមន៍ខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េ ។

ជាមួយគ្នានេះ ភាគីទាំងពីរ ក៏ពិនិត្យលទ្ធភាពរៀបចំព្រាង អនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីជាយន្តការ សម្រាប់កិច្ចសហការបន្តលើការអភិវឌ្ឍធនធានមនុស្ស និងគម្រោងផ្សេងៗ ក្នុងវិស័យសុខាភិបាល៕













