ក្រសួងការងារ អំពាវនាវឱ្យពលករ និងកម្មសិក្សាការីខ្មែរនៅជប៉ុន បង្កើនការប្រុងប្រយ័ត្ន ក្រោយកើតមានគ្រោះរញ្ជួយដី ៧ រ៉ិចទ័រ និងការប្រកាសអាសន្ន រលកយក្សស៊ូណាមិ
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មសិក្សាការី និងពលករជំនាញខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសនៅតំបន់ ដែលរងផលប៉ះពាល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ និងការប្រកាសអាសន្ន អំពីរលកយក្សស៊ូណាមិពីអាជ្ញាធរជប៉ុន ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៤:២៧នាទីរសៀល (ម៉ោងនៅប្រទេសជប៉ុន) មានគ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ កើតឡើងនៅខេត្ត Kumamoto នៃតំបន់ Kyushu ហើយអាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្ន អំពីការកើតឡើងនូវរលកយក្សស៊ូណាមិដែលអាចមានកម្ពស់ប្រមាណ ១ម៉ែត្រផងដែរ។
ក្នុងសេចក្តីជូនដំណឹងក្រសួងបញ្ជាក់ថា៖«ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេស ជប៉ុន ជាពិសេសក្នុងខេត្តដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់តាមដាន ស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំ របស់អាជ្ញាធរជប៉ុន»។

តាមសេចក្តីជូនដំណឹងដដែល បច្ចុប្បន្នក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវត្តនៃស្ថានការណ៍នេះ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី និងពលករជំនាញខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅតំបន់រងផលប៉ះពាល់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងមានសុវត្ថិភាព។
ក្នុងករណីបងប្អូនកម្មសិក្សាការី ឬពលករជំនាញ ទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីអ្នកដែលរងផលប៉ះពាល់ ឬមានសំនួរពាក់ព័ន្ធ អាចទំនាក់ទំនងទៅអនុព័ន្ធការងារ តាមរយៈទូរសព្ទលេខ៖ ០៨០ ៣៣៦២ ៦១៦៨) ឬស្ថាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន (ទំព័រ Facebook៖ Royal Embassy of Cambodia in Japan ឬ ទូរសព្ទលេខ៖ ០៨០ ៤៦៨៩ ៩៣៧៤) ឬនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ (ទំព័រ Facebook៖ ការិយាល័យរកការឱ្យធ្វើនៅបរទេសទី៣-Japan Office ឬ ទូរស័ព្ទលេខ៖ +៨៥៥ ៨៩ ៩៥៧ ៧៨៩) ឬ ក្រុមតេឡេក្រាម “សម្រាប់ ពលករទេសន្តរប្រវេសន៍” ដែលមានតំណភ្ជាប់ https://t.me/KhmerMigrantWorker ដើម្បីទទួលបានការសម្របសម្រួល និងជំនួយជាបន្ទាន់។ នេះបើតាមសេចក្តីជូនដំណឹងដដែល៕










