Feature

ខេត្តព្រះសីហនុ រៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ» 

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំ វេទិកាធុរកិច្ចទេសចរណ៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្សព្វផ្សាយយុទ្ធការរដូវកាលបៃតង ទស្សនាខេត្តព្រះសីហនុ-កម្ពុជា» ក្រោមអធិបតីភាពលោកអភិបាលរងខេត្តព្រះសីហនុ និងលោកប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដី និងសាធារណជនយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីលានតេជោ។

នៅក្នុងឱកាសនោះ លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញជូនគណៈអធិបតីអំពីវឌ្ឍនភាពការងារធុរកិច្ចទេសចរណ៍ និងការរៀបចំសកម្មភាពកីឡាចម្រុះ ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុង «រដូវកាលបៃតង»។ 

លើសពីនេះទៅទៀតកម្មវិធីនេះក៏បានរៀបចំការប្រកួតកីឡាជាច្រើន រួមមាន៖ ការប្រកួតប្រដាល់គុនខ្មែរ ការប្រកួតកាច់ដៃ វាយប៉េងប៉ុង បាល់ទះ និងកីឡាផ្សេងៗជាច្រើនទៀត ដែលបានបង្កបរិយាកាសរីករាយ និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។

ថ្លែងនៅក្នុងពិធីនោះ លោកអភិបាលរងខេត្តព្រះសីហនុ បានសម្តែងនូវការកោតសរសើរ និងបានផ្តល់មតិដឹកនាំ ព្រមទាំងអនុសាសន៍សំខាន់ៗដល់កីឡាករ-កីឡាការិនីទាំងអស់ លោកបានជំរុញ និងលើកទឹកចិត្តឱ្យកីឡាករទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព ចាប់យកឱកាសអភិវឌ្ឍខ្លួន និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គមជាតិទាំងមូល។

បន្ថែមពីនេះលោកអភិបាលរងខេត្ត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយ ប្រគល់ពានរង្វាន់ និងប្រាក់រង្វាន់លើកទឹកចិត្តជូនដល់កីឡាករ-កីឡាការិនី ដែលទទួលបានជ័យលាភី ក្នុងការប្រកួតប្រជែងពានរង្វាន់ «ធុរកិច្ចដើម្បីទេសចរណ៍» ប្រកបដោយបរិយាកាសរីករាយ និងមោទនភាពជាក្រៃលែង៕

To Top