ការវាយប្រហារកាន់ តែខ្លាំងឡើងលើនាវា នៅសមុទ្រខ្មៅ បង្កើនក្តីបារម្ភ ផ្នែកពាណិជ្ជកម្មសកល
អ៊ីស្តង់ប៊ុល៖ ការវាយប្រហារកាន់តែខ្លាំងឡើង លើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅ ចំពេលមានជម្លោះរុស្ស៊ី-អ៊ុយក្រែន កំពុងបង្កើនក្តីបារម្ភលើពាណិជ្ជកម្ម ក្នុងតំបន់ និងសន្តិសុខដែនសមុទ្រ ដែលជំរុញឱ្យមានការអំពាវនាវ ឡើងវិញសម្រាប់សកម្មភាពអន្តរជាតិ។
ដោយបញ្ជាក់ពីការគំរាមកំហែងកាន់តែខ្លាំងឡើង សមាគមម្ចាស់នាវាតួកគីបានរាយការណ៍ថា “នាវាពាណិជ្ជកម្មចំនួន ១៣៦ គ្រឿងត្រូវបានវាយប្រហារ នៅក្នុងកំពង់ផែរុស្ស៊ី និងអ៊ុយក្រែន និងកន្លែងផ្សេងទៀតនៅក្នុង សមុទ្រខ្មៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ”។
ដោយពិពណ៌នា អំពីហានិភ័យសន្តិសុខថាបានឈានដល់កម្រិត “មិនអាចទទួលយកបាន” សមាគមនេះ បានណែនាំសមាជិករបស់ខ្លួនកុំឱ្យធ្វើដំណើរទៅកាន់កំពង់ផែរុស្ស៊ី និងអ៊ុយក្រែន ដោយបានជំរុញឱ្យពួកគេអនុម័តវិធីសាស្រ្ត “រង់ចាំមើល” ចំពោះកិច្ចសន្យាដឹកជញ្ជូនថ្មី និងបានអំពាវនាវ ឱ្យអង្គការដែនសមុទ្រអន្តរជាតិ ស្ថាប័នពាក់ព័ន្ធ របស់អង្គការសហប្រជាជាតិ និង អាជ្ញាធរជាតិ និងអន្តរជាតិផ្សេងទៀតចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការវាយ ប្រហារបន្ថែមទៀតលើនាវាពាណិជ្ជកម្ម។
លោក Baris Doster អ្នកវិភាគទំនាក់ទំនង អន្តរជាតិនៅសាកលវិទ្យាល័យ Marmara របស់ប្រទេសតួកគី បានប្រាប់កាសែតស៊ីនហួថា “នេះមិនមែនគ្រាន់តែជាបញ្ហាសម្រាប់រដ្ឋជាប់ឆ្នេរសមុទ្រខ្មៅនោះទេ វាជាបញ្ហាសកលលោ កដែលប៉ះពាល់ដល់រដ្ឋទាំងអស់ ដែលធ្វើពាណិជ្ជកម្ម ជាមួយប្រទេសនានាក្នុងតំបន់ ដោយមិនគិតពីទង់ជាតិ របស់កប៉ាល់ទាំងនោះឡើយ»។
លោក Doster បានលើកឡើងថា ការវាយប្រហារទាំងនេះមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ ស្ថិរភាព និងសេដ្ឋកិច្ចក្នុងតំបន់។ លោកបានតស៊ូមតិ ឲ្យមានគំនិតផ្តួចផ្តើមក្នុងតំបន់ ដោយថា វាជាការប្រសើរសម្រាប់រដ្ឋ នៅតាមឆ្នេរសមុទ្រខ្មៅក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហានេះ។
ផលប៉ះពាល់កំពុងត្រូវបាន ទទួលអារម្មណ៍រួចហើយនៅទូទាំងឧស្សាហកម្មដឹកជញ្ជូនក្នុងតំបន់ ដែលបង្កើតជាឧបសគ្គ កាន់តែខ្លាំងឡើង។ យោងតាមទិន្នន័យ ពីសមាគមម្ចាស់កប៉ាល់ និងប្រតិបត្តិករ ក្នុងចំណោមកប៉ាល់ដឹក ទំនិញខ្នាតតូចសរុបចំនួន ៧៥៩ គ្រឿងដែលសកម្មនៅក្នុងសមុទ្រខ្មៅ មានកប៉ាល់ចំនួន ៣១២ គ្រឿងដែលមិនទាន់ផ្ទុកទំនិញនៅឡើយ ៕









