ពន្ធគយរបស់អាមេរិក ធ្វើឱ្យខូចទំនាក់ទំនងពាណិជ្ជកម្ម និងបង្កើតភាពមិនប្រាកដប្រជា
ហេលស៊ីនគី៖ ពន្ធគយចុងក្រោយបំផុត របស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យខូចទំនាក់ទំនងពាណិជ្ជកម្ម និងបន្ថែមភាពមិនប្រាកដប្រជា សម្រាប់សេដ្ឋកិច្ច និង អាជីវកម្មសកល នេះបើយោងតាមមន្ត្រីឧស្សាហកម្ម ជាន់ខ្ពស់ហ្វាំងឡង់ម្នាក់បានព្រមាន ដោយរិះគន់ការប្រើប្រាស់ពន្ធគយ ជាឧបករណ៍គោលនយោបាយពាណិជ្ជកម្ម ជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន ។
លោក Timo Vuori នាយកពាណិជ្ជកម្មអន្តរជាតិ និងគោលនយោបាយពាណិជ្ជកម្មនៅសហព័ន្ធឧស្សាហកម្មហ្វាំងឡង់ (EK) បានប្រាប់អ្នកផ្សាយព័ត៌មានជាតិ ហ្វាំងឡង់ ថា “សង្ឃឹមថា រដ្ឋបាលសហរដ្ឋអាមេរិក នឹងសន្និដ្ឋានថា សង្គ្រាមពាណិជ្ជកម្មមិន អាចឈ្នះដោយការដាក់ពន្ធគយបាននោះទេ ហើយពន្ធគយមិនពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មបានដូចគ្នា”។
លោក Vuori កំពុងសំដៅទៅលើពន្ធគយថ្មី របស់សហរដ្ឋអាមេរិកចំនួន ១០ ទៅ ១២.៥ ភាគរយលើការនាំចូល ពីសេដ្ឋកិច្ចចំនួន ៦០ រួមទាំងសហភាពអឺរ៉ុបផងដែរ ។ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសពីវិធានការទាំងនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងពីមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ និងស្តង់ដារការងារអន្តរជាតិ។ វិធានការទាំងនេះបានចូលជាធរមានចាប់ពីថ្ងៃសុក្របន្ទាប់ពីពន្ធគយបណ្តោះអាសន្នទូទាំងពិភពលោកចំនួន ១០ ភាគរយបានផុតកំណត់។
សហរដ្ឋអាមេរិកបានឲ្យដឹងថា ពន្ធគយចុងក្រោយបំផុតនេះមានបំណង ដោះស្រាយអ្វីដែលខ្លួនពិពណ៌នាថា ជាវិធានការមិនគ្រប់គ្រាន់ដោយដៃគូពាណិជ្ជកម្ម ដើម្បីហាមឃាត់ការនាំចូលទំនិញដែលផលិត ដោយកម្លាំងពលកម្មដោយបង្ខំ ។ លោកបានច្រានចោលយុត្តិកម្មនេះ ដោយថា លោក ត្រាំ ត្រូវការមូលដ្ឋានច្បាប់ថ្មី ដើម្បីដាក់ពន្ធគយជាឯកតោភាគី ហើយបានរកឃើញមូលដ្ឋានមួយ ដោយអំពាវនាវឱ្យមានកម្លាំង ពលកម្មដោយបង្ខំក្រោមច្បាប់ដែលមានតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០។
លោកបន្ថែមថា “អឺរ៉ុប ពិតជាបានដើរតួនាទីរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងកម្លាំងពលកម្មដោយបង្ខំ” ដោយបដិសេធការអះអាងរបស់សហរដ្ឋអាមេរិក ហើយតាមពិតទៅ សហរដ្ឋអាមេរិកទៅវិញទេ ដែលមិនបានបំពេញកាតព្វកិច្ចទាំងអស់របស់ខ្លួនក្រោមអង្គការពលកម្មអន្តរជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា









