ក្រសួងការងារ ចែករំលែកបទពិសោធ ពីការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូ នៃប្រទេសទីម័រឡេស្តេ
ភ្នំពេញ៖ លោកស្រី ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សា និងចែករំលែកបទពិសោធ ការងារជាមួយប្រតិភូ នៃកម្មវិធីភាពជាអ្នកដឹកនាំអាស៊ានសម្រាប់យុវជន និងអនាគតអ្នកដឹកនាំ (Futuru Líder ba ASEAN-FLBA) របស់ទីម័រឡេស្តេ ដឹកនាំដោយលោក Avelino Fernandes Ximenes Pereira លេខាទី១ នៃស្ថានទូតទីម័រឡេស្តេប្រចាំកម្ពុជា នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ក្នុងជំនួបនេះ លោកស្រីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូនៃកម្មវិធី FLBA របស់ទីម័រឡេស្តេ និងបានលើកឡើង ពីសារៈសំខាន់ នៃជំនួបនាពេលនេះថា ជាឱកាសដ៏មានតម្លៃសម្រាប់ផ្លាស់ប្តូរ បទពិសោធក្នុង ការអភិវឌ្ឍកម្លាំងពលកម្ម និងជំនាញ ការអភិវឌ្ឍគោលនយោបាយការងារ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងផែនការអភិវឌ្ឍន៍សំខាន់ៗ ព្រមទាំងពង្រឹងបន្ថែមទៀតនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ។

លោកស្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសសម្រាប់យុវជន ដោយបាននិងកំពុងបន្តពង្រឹងប្រព័ន្ធ TVET របស់ខ្លួនតាមរយៈផែនការយុទ្ធសាស្ត្រជាតិ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ការវិនិយោគលើបច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលជាក់ស្តែង និងសេវាកម្មព័ត៌មានទីផ្សារការងារ ដើម្បីបំពាក់ដល់សិស្សានុសិស្សនូវជំនាញទៅតាមតម្រូវការទីផ្សារកម្លាំងពលកម្ម។

ទន្ទឹមនេះ លោកស្រី ក៏បានលើកឡើង ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការដោះស្រាយបញ្ហាគម្លាត ជំនាញតាមរយៈការរៀន សូត្រផ្អែកលើការងារ (Work-based Learning) ការអប់រំតាមប្រព័ន្ធឆ្លាស់ (Dual Learning) ការទទួលស្គាល់ជំនាញពីមុន (RPL) និងកម្មវិធីបណ្តុះបណ្តាលចល័តសម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅតាមតំបន់ជនបទ។
បន្ថែមពីនេះ ថ្នាក់ដឹកនាំក្រសួង និងតំណាងមកពីអគ្គនាយកដ្ឋាន TVET ក៏បានចែករំលែកអំពីការសិក្សាពីការអនុវត្តប្រព័ន្ធ TVET របស់ប្រទេស នៅក្នុងតំបន់អាស៊ាន និងប្រទេសដទៃទៀតដូចជាប្រទេសស្វ៊ីស ហើយយកមកអនុវត្ត ស្របតាមតថភាពជាក់ស្ដែងរបស់កម្ពុជាផងដែរ ។ ថ្នាក់ដឹកនាំតំណាងពីបេឡាជាតិសន្តិសុខសង្គម ក៏បានជម្រាបជូនអំពីការបន្តពង្រីកកម្មវិធីសន្តិសុខសង្គម និងជំនួយសង្គម ជាពិសេសសម្រាប់បងប្អូនកម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ ព្រមទាំងកម្មវិធីជំនួយសង្គម ជាពិសេសសម្រាប់បងប្អូនកម្មករនិយោជិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។

នាឱកាសនោះ ប្រតិភូនៃ FLBA របស់ទីម័រឡេស្តេ បានបង្ហាញចំណាប់អារម្មណ៍ទៅលើវិស័យ TVET របស់កម្ពុជា រួមមានកម្មវិធីសិក្សានានា របស់ TVET និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាការស្នើសុំផ្លាស់ប្តូរ បទពិសោធ និងការត្រៀមលក្ខណៈដល់ប្រទេសទីម័រឡេស្តេ សម្រាប់ការធ្វើជាម្ចាស់ផ្ទះកិច្ច នៃប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២៩ ខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា ទីម័រឡេស្តេ រៀបចំកម្មវិធី FLBA ដើម្បីអភិវឌ្ឍយុវជនជំនាន់ក្រោយ របស់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំ សម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់អាស៊ាន តាមរយៈវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំរយៈពេល ១២ខែ និងទស្សនកិច្ចសិក្សារយៈពេល ១០ថ្ងៃនៅបណ្តាប្រទេសសមាជិកអាស៊ាន៕













