Feature

ឥណ្ឌូនេស៊ី ត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងសមត្ថភាព មន្ត្រីអនុវត្តច្បាប់ និងសហការលើការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី អះអាងថា ឥណ្ឌូនេស៊ី​ ត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ក៏ដូចជាកិច្ចសហការលើការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ការអះអាងរបស់ លោក Arif Havas Oegroseno​ អនុរដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី ខាងលើនេះ ធ្វើឡើងក្នុងឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង​ ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦​ ។

ក្នុងជំនួបនេះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​រវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលបានវិវត្តកាន់តែប្រសើរ​ ជាពិសេសកិច្ចសហការប្រយុទ្ធប្រឆាំង ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។ ទន្ទឹមនោះ លោកសន្តិបណ្ឌិត បានជម្រាបជូនពីការតាំងចិត្ត​ របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប., ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និងលិខិតូបករណ៍សំខាន់ៗ ពាក់ព័ន្ធដទៃផ្សេងទៀត ដែលរួមចំណែកដល់ការអនុវត្ត យុទ្ធនាការបោសសម្អាត និងបំបែកសម្បុកឧក្រិដ្ឋជន​ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព។

ក្នុងន័យនេះ ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាស្វែងរកវិធានការ មានប្រសិទ្ធភាពបន្ថែម សម្រាប់កិច្ចការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មសកលនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំ «សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ និងបានស្នើឱ្យភាគីឥណ្ឌូនេស៊ី ផ្តល់ការគាំទ្រ និងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

​ជាការឆ្លើយតប លោក Arif Havas Oegroseno បានថ្លែងអំណរគុណដល់សមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់​សហការផ្តល់ការគាំទ្រ និងជំនួយក្នុងការសម្របសម្រួល បញ្ជូនពលរដ្ឋឥណ្ឌូនេស៊ី ដែលពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់ទៅប្រទេសកំណើតវិញ នាពេលកន្លងមក។

ទន្ទឹមនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានសម្តែងនូវការកោតសរសើរ និងស្វាគមន៍ចំពោះលទ្ធផលប្រតិបត្តិការបង្រ្កាប និងបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់សមត្ថកិច្ចកម្ពុជា ក៏ដូចជាការបង្កើតនូវច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជារបត់ថ្មីមួយដ៏លេចធ្លោ។ លោក បានគូសបញ្ជាក់ថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាលុបបំបាត់ប្រព័ន្ធអេកូឡូហ្ស៊ីឆបោកសកលនេះ។ ឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ក៏ដូចជាកិច្ចសហការលើការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជារួម។

ទន្ទឹមនេះ លោក បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនេះ សបញ្ជាក់ពីឆន្ទៈ និងដំណើរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនពីប្រទេស ដែលរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅជាប្រទេសដែលនាំមុខគេមួយ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ អំពីទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរ-ចែករំលែកព័ត៌មាន និងការជួយបណ្តុះបណ្តាលពង្រឹង​ សមត្ថភាពមន្រ្តីជំនាញ ក្នុងការប្រយុទ្ធប្រឆាំង ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់បន្ថែមទៀត ៕

To Top